រកឃើញភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ បន្ទាប់ពីជីកឃើញលលាដ៍ក្បាលមនុស្សចំណាស់បំផុតនៅក្រៅទ្វីបអាហ្វ្រិកជាលើកដំបូង

ឆ្អឹងមនុស្សចាស់ជាងគេបំផុតនៅក្រៅទ្វីបអាហ្វ្រិកត្រូវបានគេជីករកឃើញនៅអ៊ីស្រាអែល ដោយផ្ដល់ភស្តុតាងនូវអ្វីដែលការស្រាវជ្រាវផ្នែកហ្សែនបានលើកឡើងរួចមកហើយនោះថា មនុស្សបានធ្វើបំលាស់ទីចេញពីទ្វីបអាហ្វ្រិកប្រហែល ៥០.០០០ ឆ្នាំ លឿនជាងការគិតពីមុនទៅទៀត។

បំណែកឆ្អឹងផ្ទៃមុខ រួមទាំងឆ្អឹងថ្គាម និងធ្មេញជាច្រើន ត្រូវបានរកឃើញនៅទីតាំងមួយ ដែលគេហៅថា រូងភ្នំ Misliya នៅប្រទេសអ៊ីស្រាអែល។ តំបន់នេះគឺស្ថិតក្នុងចំណោមទីតាំងរូងភ្នំបុរេប្រវត្តិជាច្រើនកន្លែង នៅលើភ្នំអូដ្ឋ។

របាយការណ៍ក្នុងទស្សនាវដ្តី Science របស់អាមេរិកចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ មករាបាននិយាយថា ឆ្អឹងទាំងនេះមានអាយុកាលចន្លោះពី ១៧៤.០០០ ទៅ ១៨៨.០០០ ឆ្នាំ។

រហូតមកដល់ពេលនេះហ្វូស៊ីលមនុស្សដែលបានរកឃើញនៅក្រៅទ្វីបអាហ្វ្រិកត្រូវបានគេប៉ាន់ប្រមាណថាមានអាយុពី ៩០.០០០ ទៅ ១២០.០០០ ឆ្នាំ។

សហអ្នកនិពន្ធ លោក Rolf Quam សាស្ត្រាចារ្យខាងផ្នែកនរវិទ្យានៅសាកលវិទ្យាល័យ Binghamton បាននិយាយថា "រូងភ្នំ Misliya គឺជាការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍"។

របាយការណ៍របស់ទស្សនាវដ្តីខាងលើនិយាយថា "វាផ្ដល់នូវភស្តុតាងច្បាស់លាស់បំផុតដែលថាបុព្វបុរសរបស់យើងបានធ្វើចំណាកស្រុកលើកដំបូងចេញពីអាហ្វ្រិកលឿនជាងយើងធ្លាប់គិតពីមុនទៅទៀត។ ហ្វូស៊ីល ឈ្មោះថា Misliya-1 បានបង្ហាញធ្មេញដែលមានទំហំប្រហែលនឹងមនុស្សសម័យទំនើបនេះដែរ ប៉ុន្តែទោះយ៉ាងណា ធ្មេញនោះបានបង្ហាញពីគំរូនិងលក្ខណៈច្បាស់លាស់បំផុតនៃពូជមនុស្សសម័យទំនើប គឺមានតាំងពីសម័យនោះមក"។

ភស្តុតាងខាងបុរាណវត្ថុដទៃទៀតនៅក្នុងរូងភ្នំនោះបានបង្ហាញថា មនុស្សសម័យនោះបានបរបាញ់សត្វធំៗ និងចេះប្រើភ្លើងហើយ៕

adverise with khmeread