គម្លាតវិសមភាពលើពិភពលោកឆ្ងាយពេកហៅលែងឮ ខណៈមនុស្សតែ ៤២ នាក់ មានទ្រព្យសម្បត្តិស្មើនឹងមនុស្ស ៣,៧ ពាន់លាននាក់សរុបបញ្ចូលគ្នា

អង្គការអុកហ្វាម (Oxfam) បានអំពាវនាវឱ្យមានវិធានការដើម្បីដោះស្រាយគម្លាតរវាងអ្នកមាននិងអ្នកក្រ ខណៈពួកគេបានចេញផ្សាយរបាយការណ៍ថ្មីមួយដោយបង្ហាញថា មនុស្សចំនួន ៤២ នាក់មានទ្រព្យសម្បត្តិស្មើមនុស្ស ៣,៧ ពាន់លាននាក់ ដែលជាប្រជាជនដ៏ក្រីក្រជាងពាក់កណ្ដាលនៃពិភពលោក។

ក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីឱ្យស្របពេលជាមួយនឹងការជួបជុំគ្នារបស់បុគ្គលមានបំផុតនៅលើពិភពលោកនៅវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស អង្គការអុកហ្វាមបាននិយាយថា សេដ្ឋីពាន់លានត្រូវបានបង្កើតឡើងជាមធ្យមម្នាក់ រាល់ពីរថ្ងៃ កាលពីឆ្នាំ ២០១៧ ស្របពេលចំនួនប្រជាជនពិភពលោកក្រោម ៥០ ភាគរយៈមិនឃើញមានការកើនឡើងទ្រព្យធនឡើយ។ ពួកគេបានបន្ថែមថា ៨២ ភាគរយៈនៃទ្រព្យសម្បត្តិសកលដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ បានធ្លាក់ក្នុងដៃពួកអ្នកមាន ១ ភាគរយ។

អង្គការមនុស្សធម៌នេះបាននិយាយថា រឿងនេះមិនអាចទទួលយកបានទេ និងគ្មាននិរន្តរភាព ដែលមនុស្សមួយក្រុមតូចប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើន ស្របពេលមនុស្សរាប់រយលាននាក់កំពុងតោកយ៉ាកក្រវេទនាជាមួយប្រាក់ខែដ៏ទាប។ ពួកគេបានអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យបង្វែរវោហាសាស្ត្រអំពីវិសមភាពចូលទៅក្នុងគោលនយោបាយដើម្បីដោះស្រាយការគេចវេសពន្ធនិងបង្កើនប្រាក់ឈ្នួលកម្មករ។

លោក Mark Goldring នាយកប្រតិបត្តិអង្គការអុកហ្វាមបាននិយាយថា "ចំនួនទ្រព្យដ៏ច្រើនមហាសាលរបស់មហាសេដ្ឋីកំពូលមិនមែនជាសញ្ញានៃសេដ្ឋកិច្ចរីកចម្រើននោះទេ ប៉ុន្តែជារោគសញ្ញានៃប្រព័ន្ធមួយដែលកំពុងធ្វើឱ្យមនុស្សប្រឹងប្រែងធ្វើការជាមួយប្រាក់ខែតិចតួចដែលផលិតអាវនិងអាហាររបស់ពួកយើង បរាជ័យ"។

ភាពរីកចម្រើក្នុងទីផ្សារហ៊ុនបានក្លាយជាមូលហេតុចម្បងចំពោះការកើនឡើងទ្រព្យសម្បតិ្តរបស់ពួកដែលគ្រប់គ្រងទ្រព្យហិរញ្ញវត្ថុអំឡុងឆ្នាំ ២០១៧។ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានកើនឡើងទ្រព្យសម្បត្តិ ៦ ពាន់លានដុល្លារក្នុងពេល ១០ ថ្ងៃដំបូងនៃឆ្នាំ ២០១៧ ដោយសារការកើនឡើងតម្លៃហ៊ុននៅ Wall Street ដោយធ្វើឱ្យគាត់ក្លាយជាបុរសដ៏មានបំផុតនៅលើពិភពលោក។

អុកហ្វាមបាននិយាយថា ពួកគេបានកែប្រែការគណនាទ្រព្យសម្បតិ្តដោយសារស្ថិតិថ្មីពីធនាគារ Credit Suisse។ ក្រោមតួលេខកែសម្រួល មនុស្សចំនួន ៤២ នាក់មានទ្រព្យស្មើមនុស្ស ៣,៧ ពាន់លាននាក់ដែលជាប្រជាជនក្រីក្រនៃពាក់កណ្ដាលពិភពលោក បើប្រៀបធៀបជាមួយមនុស្ស ៦១ នាក់កាលពីឆ្នាំមុន និង ៣៨០ នាក់ក្នុងឆ្នាំ ២០០៩។ របាយកាលពីឆ្នាំមុន អុកហ្វាមបាននិយាយថា សេដ្ឋីពាន់លាន ៨ នាក់មានទ្រព្យសម្បតិ្តស្មើនឹងប្រជាជនពិភពលោកពាក់កណ្ដាល។

អង្គការនេះបានបន្ថែមថា ទ្រព្យសម្បតិ្តរបស់សេដ្ឋីពាន់លានបានកើនឡើងជាមធ្យម ១៣ ភាគរយក្នុងមួយឆ្នាំពីឆ្នាំ ២០០៦ ដល់ ២០១៥ ជាមួយការកើនឡើង ៧៦២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ដែលចំនួននេះគ្រប់គ្រាន់ដើម្បីបញ្ចប់ភាពក្រីក្រតោកយ៉ាកដល់ទៅ ៧ ដង។ អង្គការនេះនិយាយថា ៩ នាក់ក្នុងចំណោមមហាសេដ្ឋីពាន់លានលើពិភពលោក ១០ នាក់ គឺជាបុរស៕

adverise with khmeread