បើកម៉ូតូវ៉ាជែងមិនមើលឧបសគ្គ ចូលចំណែកផ្លូវខាងឆ្វេងត្រូវរថយន្តបុកស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

​ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត កាលពីវេលាម៉ោង​១១ និង៣០នាទីយប់ ថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ខាងជើងភោជនីយដ្ឋាន កែវព្រិល ប្រមាណជាង២០០ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

​សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ យ៉ន ភារុន ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើត ភូមិស្តុក ឃុំស្វាយចចិប ស្រុកបសេដ្ខ ខេត្តកំពង់ស្ពឺ និង អ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ នៅឡើយ​។ គេទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GT-1830​។

​រីឯភាគីរថយន្តម៉ាក តូយ៉ូតាហាយឡាក់រ៉េវ៉ូ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AU-6166 បើកបរដោយ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ព្រោះរត់បាត់​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ប្រាប់ឱ្យដឹងថា ដំបូង គេឃើញ ភាគីម៉ូតូជិះតាមបណ្តោយផ្លូវ លេខ១០០៣ទិសដៅពីជើងទៅត្បូង​។ លុះមកដល់ចំណុចកើតហេតុខាងលើ បានគេចពីរថយន្តមួយគ្រឿងមិនចាំម៉ាក បើកនៅខាងមុខ គេចមកឆ្វេងដៃក៏ជ្រុលចង្កូចចូលទៅចំណីផ្លូវរថយន្តមួយគ្រឿងខាងលើ ដែលកំពុងបញ្រ្ចាទិសដៅគ្នាពីត្បូងទៅជើង បុកពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូបោកផ្ទប់និងរថយន្ត បែកក្បាលស្លាប់នៅនឹងកន្លែងភ្លាម​ៗ។ ចំណែកអ្នកអង្គុយនៅពីក្រោយ បានរងរបួសធ្ងន់ត្រូវបាន បញ្ជូន ទៅសង្គ្រោះភ្លាមៗ​។

​ប្រភពដដែលបានបន្តទៀតថា ភ្លាមៗនោះម្ចាស់រថយន្តបាន បើករថយន្តចេញមកក្រៅ ក្នុងស្ថានភាពស្រវឹង ហើយបាន រត់គេចខ្លួន បាត់តែម្តង​។

​ក្រោយកើតហេតុសមត្ថកិច្ច បានដឹកសាកសពទៅតម្កល់ទុក នៅវត្តទឹកថ្លារង់ចាំ សាច់ញាតិមកទៅធ្វើបុណ្យតាមប្រពៃណី​។ ចំណែក រថយន្តនិងម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់​៕

adverise with khmeread
tiger
Loading ad ...