ប្តីប្រពន្ធមួយគូដើរលេងមាត់ឆ្នេរជើងទទេ ឆ្លងព្រូនស៊ីឈាមដ៏រន្ធត់

ប្ដីប្រពន្ធកាណាដាមួយគូបានព្រមានដល់អ្នកផ្សេង ដែលដើរជើងទទេនៅឆ្នេរសមុទ្រ។ ពួកគេបានឆ្លងព្រូនស៊ីឈាម បន្ទាប់ពីដើរជើងទទេលើឆ្នេរខ្សាច់នៅរមណីដ្ឋានមួយក្នុងសាធារណរដ្ឋ​ដូ​មីនិក។ នេះបើយោងតាមសារព័ត៌មាន CNN ផ្សាយកាលពីថ្ងៃអង្គារ។

Eddie Zytner និង Katie Stephens មានរោគសញ្ញាដំបូងរមាស់នៅនឹងជើងរបស់ពួកគេ អំឡុងពេលវិស្សមកាលនៅរមណីដ្ឋាន IFA Villas Bavaro ក្នុងទីក្រុង Punta Cana។ ហើយដំបូងពួកគេគិតថាវាគ្រាន់តែបណ្ដាលមកពីចៃសមុទ្រប៉ុណ្ណោះ។

យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកពីការធ្វើដំណើរវិញ ជើងរបស់ពួកគេចាប់ផ្ដើមហើម។ បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក ការហើមនោះកាន់តែអាក្រក់ឡើង និងមានបែកពងទឹកលើម្រាមជើងទៀតផង។

Eddie បានសរសេរនៅលើហ្វេសប៊ុកថា "ខ្ញុំមានអារម្មណ៍ថាត្រូវតែសរសេរផុសមួយនេះដល់អ្នកធ្វើដំណើរទាំងអស់ដែលទៅឆ្នេរនៃតំបន់ការ៉ាអ៊ីព។ មិត្តស្រីខ្ញុំ និងខ្ញុំបានត្រឡប់មកពីរមណីយដ្ឋាន IFA Villas Bavaro ក្នុងទីក្រុង Punta Cana កាលពីសប្ដាហ៍មុន ហើយជើងរបស់ពួកយើងរមាស់ជាខ្លាំង។ នៅថ្ងៃទី ២០ មករា ជើងរបស់ខ្ញុំរមាស់និងហើម ដូច្នេះយើងបានទៅមន្ទីរពេទ្យ"។

"ដំបូង ពួកគេគិតវាគឺជាចៃសមុទ្រ រុំជើងរបស់ខ្ញុំប៉ុណ្ណោះ ពេលពួកគេប្រាប់ខ្ញុំឱ្យមកពិនិត្យម្ដងទៀតនៅថ្ងៃស្អែក រឿងរ៉ាវគឺធ្វើឱ្យខ្ញុំរន្ធត់"។

ប្ដីប្រពន្ធមួយគូនោះឆ្លងព្រូន Larva Migrans ដែលជាព្រូនស៊ីឈាម។ ប៉ារ៉ាស៊ីប្រភេទនេះជ្រៀតចូលស្បែក តាមរយៈបាតជើង នៅពេលអ្នកជាន់ពីលើវា។

ហើយករណីអ្នកឆ្លងព្រូននេះ គឺត្រូវបានគេរាយការណ៍ថា អ្នកដំណើរដែលទៅអាហ្រ្វិក អាស៊ី តំបន់ការ៉ាអ៊ីព និងអាមេរិកខាងត្បូងសុទ្ធតែឆ្លងវាទាំងអស់។ ទាក់ទងនឹងករណីអ្នកឆ្លងព្រូន ក៏មានអ្នកស្លាប់ច្រើនករណីផងដែរ៕

adverise with khmeread