ព្រួញមួយបាញ់បានសត្វ២! កោះឋានសួគ៌ម៉ូរីស ឥឡូវក្លាយជាកន្លែងដែលភ្ញៀវទេសចរមកលេងកម្សាន្តផង ព្យាបាលជំងឺផង ព្រោះមានគ្លីនិកល្អៗ

ប្រទេសម៉ូរីស ដែលជាប្រទេសកោះមួយស្ថិតក្នុងឆ្នេរភាគអាគ្នេយ៍នៃអាហ្វ្រិកដីគោក ត្រូវបានគេស្គាល់ច្បាស់សម្រាប់សម្រស់ឆ្នេរដ៏អស្ចារ្យ និងសត្វព្រៃ។ ជារៀងរាល់ឆ្នាំអ្នកទេសចរមួយលាននាក់បានធ្វើដំណើរទៅកាន់កោះមួយនេះ ប៉ុន្តែមិនមែនសម្រាប់តែសម្រស់ធម្មជាតិនៃកោះមួយនេះនោះឡើយ។

ប្រមាណជា ១៨.០០០នាក់ "នៃភ្ញៀវទេសចរមកព្យាបាលជំងឺ" គឺកំពុងធ្វើដំណើរទៅកាន់មហាសមុទ្រឥណ្ឌាមួយនេះ ដើម្បីប្រើប្រាស់សេវាកម្មវេជ្ជសាស្រ្តរបស់ប្រទេសមួយនេះ។ ហើយវិស័យទេសចរណ៍កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រោះការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សកំពុងតែដំណើរការដើម្បីទាក់ទាញភ្ញៀវបរទេស។

មណ្ឌលសុខភាពជាច្រើនដូចជា Centre de Chirurgie Esthetique ជាដើម គឺកំពុងផ្តល់គុណប្រយោជន៍នៃភាពទាក់ទាញសម្រាប់ប្រទេសមួយនេះ ដោយប្រើប្រាស់សោភណភាព ភាពស៊ីវិល័យ និងភាពស្ងប់ស្ងាត់ ដើម្បីបង្កើតនូវគ្លីនិក ដែលអ្នកទេសចរអាចមានអារម្មណ៍ស្រស់ស្រាយបំផុតក្នុងការទទួលយកសេវាកម្មព្យាបាលរបស់ពួកគេ។

លោក Gérard Guidi ស្ថាបនិកមណ្ឌល Centre de Chirurgie Esthetique បាននិយាយថាលោកបានបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្រ្តដើម្បីបំពេញតម្រូវការមនុស្សមួយចំនួន គឺ អ្នកដំណើរដែលស្វែងរកការថែទាំសុខភាពក្នុងពេលកំពុងលំហែកាយ។

លោក Guidi បានបញ្ជាក់ថា ពេលដែលគាត់បានបង្កើត Centre de Chirurgie Esthetique កាលពីឆ្នាំ២០០០ គាត់មានតែអ្នកជំងឺមកធ្វើការប្តូរសក់ចំនួនបីនាក់ប៉ុណ្ណោះសម្រាប់ប៉ុន្មានខែដំបូង។ ក្នុងឆ្នាំ២០១៦ គ្លីនិករបស់គាត់មានអ្នកជំងឺប្រមាណជា ២៥០០នាក់ ដែល ៨៥ភាគរយគឺជាភ្ញៀវទេសចរអន្តរជាតិ ខណៈដែល ៣៦ភាគរយគឺជាទេសចរជនជាតិបារាំង។

ទោះជាយ៉ាងណាក្តី ការធ្វើទេសចរណ៍ដើម្បីព្យាបាលជំងឺនេះក៏មិនដំណើរយ៉ាងរលូនដោយគ្មានការរិះគន់នោះដែរ។ ទស្សនាវដ្តីឈានមុខគេរបស់ពិភពលោកសម្រាប់ឧស្សាហកម្មទេសចរណ៍វេជ្ជសាស្រ្ត ហៅកាត់ IMTJ បានរាយការណ៍ថា បណ្តាប្រទេសតំបន់អាហ្វ្រិកត្រូវបានបាត់បង់បរិមាណដ៏ធំនៅក្នុងប្រាក់ចំណូលពីភ្ញៀវទេសចដែលមកព្យាបាលពីក្រៅប្រទេស ដែលកំពុងស្វែងរកការព្យាបាលនៅតំបន់ ដូចជាប្រទេសឥណ្ឌាជាដើម ដែលកំពុងរារាំងដល់ការអភិវឌ្ឍមណ្ឌលថែទាំសុខភាពក្នុងស្រុករបស់ខ្លួន៕

adverise with khmeread