adverise with khmeread 40

ទីក្រុង​មួយ​នៅ​កាណាដា​ប្រកាស​ស្វែងរក​ជាងកាត់សក់​អាជីព ក្រោយ​បុរសៗ​បង្ខំចិត្ត​កាត់សក់​ដោយ​ខ្លួនឯង​ជាង​២​ឆ្នាំ

​    ​ដោយមាន​ការខកចិត្ត​ចំពោះ​ម៉ូត​សក់​កាត់​ដោយ​ខ្លួនឯង ប្រជាជន​នៅ​ទីក្រុង Norman Wells ជាទី​ក្រុង​ដាច់ស្រយាល​នៅ​ភាគ​ខាងជើង​កាណាដា បាន​កំពុង​ស្វែងរក​ជាងកាត់សក់​អាជីព​ម្នាក់​ទាំងអស់​សង្ឃឹម​។ ពួកគេ​បាន​កាត់សក់​ដោយ​ខ្លួនឯង​អស់​រយៈពេល ២ ឆ្នាំ​មកហើយៗ​និយាយ​តាម​ត្រង់​ពួកគេ​ឆ្អែតឆ្អន់​នឹង​ការ​កាត់សក់​ដោយ​ខ្លួនឯង​នេះហើយ​។ 

​     មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​តំបន់​អាកទិច​ជាមួយនឹង​ប្រជាជន​ចំនួន ៨០០ នាក់ ទីក្រុង Norman Wells គឺជា​សហគមន៍​តូច​មួយ​ជា​យូរយារ​ណាស់​មកហើយ ដែលមាន​បញ្ហា​ច្រើន​រាប់មិនអស់​។ ផលិតផល​ចំណីអាហារ​ចាំបាច់​ត្រូវតែ​ដឹកយក​មកពី​ឆ្ងាយ តម្លៃ​ផលិតផល​ខ្ពស់កប់ពពក ហើយ​ជួនកាល​អ្នកស្រុក​រស់នៅ​ដោយ​គ្មាន​របស់​ផ្គត់ផ្គង់​ដោយសារតែ​យន្តហោះ​ដឹក​របស់​ផ្គត់ផ្គង់​អត់​បាន​ហោះ​មក​ទីក្រុង​នេះ​។ 

​    ​ប៉ុន្តែ​ពួកគេ​មិនដែល​នឹកស្មាន​ដល់​ថា​កង្វះ​ជាងកាត់សក់​អាជីព​ជា​សុបិន​អាក្រក់​របស់​ពួកគេ​នោះទេ​រហូតដល់​ជាងកាត់សក់​តែមួយ​រូប​គត់​ក្នុង​ទីក្រុង​បាន​ចាក​ចេញពី​ទីនេះ​ដោយសារតែ​កង្វះ​ផ្ទះសម្បែង​រស់នៅ​។ លោកស្រី Nicky Richards មន្ត្រី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ទីក្រុង​ទទួលបន្ទុក​ខាង​កិច្ចប្រឹងប្រែង​ជ្រើសរើស​ជាងកាត់សក់​បាន​ប្រាប់​វេ​ប​សាយ The Guardian ថា "​យើង​បាន​ជួប​ការលំបាក​ជា​យូរ​មកហើយ​។ យើង​គ្មាន​ជាងកាត់សក់​ណា​ម្នាក់​នោះទេ​។ វា​ជា​រឿង​មួយ​ដែល​ប្រជាជន​នៅ​តំបន់​ភាគខាងត្បូង​ពុំដែល​នឹកគិត​ដល់​នោះទេ ព្រោះ​ពួកគេ​មិនដែល​ព្រួយបារម្ភ​អំពី​រឿង​កាត់សក់​នោះឡើយ​"​។ 

​    ​ដូច្នេះ​លោកស្រី Richards បាន​កំពុង​ធ្វើឱ្យ​ទីក្រុង​នេះ​មាន​សភាព​កាន់តែ​ទាក់ទាញ ដោយ​សង្ឃឹមថានឹង​អាច​ទទួលបាន​ការចាប់​អារម្មណ៍​ពី​ជាងកាត់សក់​អាជីព ដែល​អាច​ចាប់អារម្មណ៍​ជួយ​ដល់​ពួកគេ​ក្នុង​បញ្ហា​កាត់សក់​នេះ​។ លោកស្រី​បាន​និយាយថា មនុស្ស​ជាច្រើន​បាន​ខាំមាត់សង្កត់ចិត្ត​មិន​ដាច់ចិត្ត​កាត់សក់​ដោយ​ខ្លួនឯង​នោះទេ​ដោយ​ទុក​កាត់​វា​នៅពេល​បានធ្វើ​ដំណើរ​ទៅ​ភាគខាងត្បូង​ឱ្យ​ជាងកាត់សក់​អាជីព​កាត់​ឱ្យបាន​ត្រឹមត្រូវ​។ អ្នក​ខ្លះទៀត​ផ្តល់​ការទុកចិត្ត​ឱ្យ​មិត្តភក្តិ​ជួយ​កាត់​ឱ្យ​។ រីឯ​ស្រីៗ​វិញ​ដាច់ចិត្ត​យក​ប្រអប់​ថ្នាំ​ពណ៌​លាប​សក់​រញ៉េរញ៉ៃ​មក​ហាយ​ឡាយ​សក់​ខ្លួនឯង ខណៈដែល​បុរស​មួយចំនួន​បាន​យក​កន្ត្រៃ​កាត់​រោមចៀម​មក​កោរពុកមាត់​៕ 

 

adverise with khmeread

មតិយោបល់