ផ្ទះក្នុងភូមិដ៏ស្រស់ត្រកាលក្នុងប្រទេសអ៊ីតាលីលក់ក្នុងមួយខ្នងតែ ១,២ ដុល្លារប៉ុណ្ណោះ

តើអ្នកធ្លាប់មានក្តីសុបិនធ្វើជាម្ចាស់ផ្ទះផ្ទាល់ខ្លួននៅក្នុងភូមិមួយដែលមានសម្រស់ដ៏ស្រស់ត្រកាល និងគួរឱ្យចង់រស់នៅដែរឬទេ? ព័ត៌មាននៃក្តីសុបិនមួយនេះទីបំផុតបានមកដល់ហើយ។

ហើយអ្នកបច្ចុប្បន្នអាចទិញផ្ទះមួយក្នុងតម្លៃត្រឹមតែជាងមួយដុល្លារប៉ុណ្ណោះ ស្ថិតក្នុងប្រទេសអ៊ីតាលី។

សហគមន៍ Ollolai ដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍ព្រៃភ្នំដ៏ស្រស់ត្រកាលបំផុតនៃភ្នំតំបន់ Barbagia នៅលើកោះ Sardinia ស្ថិតលើឈូងសមុទ្រមេឌីទែរ៉ាណេ គឺកំពុងលក់ផ្ទះបោះបង់ចោលជាច្រើនខ្នងក្នុងតម្លៃត្រឹមតែ ១,២ដុល្លារប៉ុណ្ណោះ។

វាមិនមែនជាលើកដំបូងនោះឡើយដែលទីក្រុងចំណាស់ៗអ៊ីតាលីបានព្យាយាមទាក់ទាញកំណើនប្រជាជនរបស់ខ្លួន ប៉ុន្តែរឿងដែលលំបាកគឺកម្រមានមនុស្សស្ម័គ្រចិត្តទៅរស់នៅទីនោះមុនគេ។ ភូមិនេះមិនខ្វះទេសម្រស់ធម្មជាតិ និងប្រវត្តិសាស្ត្រដែលមនុស្សត្រូវការ។

ទោះជាយ៉ាងណាក្តី ឱកាសដ៏កម្រនេះគឺបានភ្ជាប់មកជាមួយនឹងបញ្ហាមួយ។ សំណង់សាងសង់ដោយដុំថ្មតម្រៀប ២០០ដុំទាំងនេះគឺកំពុងស្ថិតនៅក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺន ហើយអ្នកទិញត្រូវតែតាំងចិត្តជួសជុលឡើងវិញនៅក្នុងរយៈពេលបីឆ្នាំដែលអាចនឹងចំណាយប្រហែល ២៥.០០០ដុល្លារ។

នៅពីក្រោយការលក់នេះគឺជាគម្រោងមួយដើម្បីធ្វើឱ្យសហគមន៍មានភាពស្រស់ស្អាតឡើងវិញ ដើម្បីបង្ការទីក្រុងមួយនេះកុំឱ្យក្លាយទៅជាទីក្រុងខ្មោច។ នៅពាក់កណ្តាលសតវត្សរ៍មុន ប្រជាជនរបស់ភូមិ Ollolai បានថយចុះពី ២.២៥០នាក់ ទៅ ១.៣០០នាក់ ជាមួយនឹងចំនួនទារកកើតតិចបំផុតជារៀងរាល់ឆ្នាំ៕

adverise with khmeread