Durexcondomemoji

ក្រុមហ៊ុន Durex អំពាវនាវឲ្យបង្កើតរូបភាពស្រោមអនាម័យនៅក្នុងរូបចលនា Emoji ដើម្បីដាសតឿនអំពីសុវត្ថិភាពផ្លូវភេទ

រូបភាពបង្ហាញអារម្មណ៍ ឬហៅថា Emoji កំពុងមានការពេញនិយមណាស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តាំងពីរូបភាពទាំងនោះត្រូវបានរួមបញ្ចូលជាលើកដំបូងទៅក្នុងយូនីកូដ (Unicode) ក្នុងឆ្នាំ ២០១០។ យើងបានបានឃើញរូបភាព Emoji គ្រប់សណ្ឋាន ដែលបង្ហាញពីជាតិសាសន៍ ទង់ជាតិទូទាំងពិភពលោក និង សូម្បីរូបម្រាមដៃកណ្តាល ដែលបង្កប់អត្ថន័យមិនល្អ។ 

ទោះយ៉ាងណា យើងនៅតែមិនទាន់បានឃើញរូបភាពស្រោមអនាម័យធ្វើជារូប Emoji នៅឡើយទេ ដោយហេតុនេះហើយទើបក្រុមហ៊ុនផលិតស្រោមអនាម័យអង់គ្លេស Durex
ចង់ឲ្យមានរូបស្រោមអនាម័យដើម្បីក្រើនរំឭកមនុស្សឲ្យយល់ដឹងពីសុវត្ថិភាពផ្លូវភេទ។ 

ច្បាស់ណាស់ នេះគឺជាយុទ្ធនាការធ្វើទីផ្សារដ៏ឆ្លាតវៃបំផុតរបស់ក្រុមហ៊ុនផលិតស្រោមអនាម័យមួយនេះ ក៏ប៉ុន្តែក៏មានបុព្វហេតុសង្គមគួរឲ្យសរសើរនៅពីក្រោយគំនិតនេះដែរ។ 

សព្វថ្ងៃពេលចង់ណែនាំនរណាម្នាក់អំពីសុវត្ថិភាពផ្លូវភេទជាមួយនឹងរូប Emoji គេអាចរកបានត្រឹមតែអក្សរ "OK" ប៉ុណ្ណោះ ដែលនេះនៅពុំទាន់គ្រប់គ្រាន់សម្រាប់សុវត្ថិភាពផ្លូវភេទនៅឡើយទេ។ 

ដើម្បីសុវត្ថិភាពដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន Durex បានជម្រុញទឹកចិត្តអតិថិជនឲ្យធ្វើការអំពាវនាវដល់ក្រុមហ៊ុន Unicode Consortium ដែលជាអ្នកបង្កើតរូបភាព Emoji ឲ្យបង្កើតរូបភាពស្រោមអនាម័យជារូបភាព Emoji នៅក្នុងកំណែថ្មីនាពេលបន្ទាប់របស់ខ្លួន៕ 

ប្រភព៖ អ៊ីនឌីភែនឌែន 

មតិយោបល់