ទីបំផុត Mark Zuckerberg ក្លាហានហ៊ានទទួលស្គាល់កំហុសដ៏ធំដែលខ្លួនបានសាង

លោក Mark Zuckerberg បានរិះគន់ខ្លួនឯងកាលពីថ្ងៃចន្ទទី៥កុម្ភៈ ដោយទទួលស្គាល់ថាបានសាងកំហុសយ៉ាងច្រើនក្នុងការបង្កើតបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោក នៅពេលក្រុមហ៊ុន Facebook ប្រារព្ធពិធីខួបកំណើតលើកទី ១៤ របស់ខ្លួន (៥កុម្ភៈ)។

ស្ថាបនិក Facebook រូបនេះបាននិយាយនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ថា "ប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានសាងស្ទើរគ្រប់កំហុសទាំងអស់ ដែលអ្នកអាចស្រមៃបាន។ ខ្ញុំបានសាងកំហុសបច្ចេកទេសជាច្រើននិងកិច្ចព្រមព្រៀងដ៏អាក្រក់។ ខ្ញុំបានជឿទុកចិត្តលើមនុស្សខុសហើយខ្ញុំបានដាក់មនុស្សដែលមានទេពកោសល្យខុសតួនាទី។ ខ្ញុំបានខកខាននូវនិន្នាការសំខាន់ៗហើយខ្ញុំមានភាពយឺតយ៉ាវណាស់ចំពោះនិន្នាការផ្សេងទៀត។ ខ្ញុំបានចេញផលិតផលមួយហើយមួយទៀត បន្ទាប់ពីបរាជ័យ"។

ផុស ដែលសរសេរឡើងដើម្បីឆ្លុះបញ្ចាំងរយៈពេល ១៤ ឆ្នាំចាប់តាំងពី Zuckerberg ចាប់ផ្តើមបើកហ្វេសប៊ុកក្នុងនាមជានិស្សិតសាកលវិទ្យាល័យ Harvard  គឺជាផុសចុងក្រោយបំផុតដើម្បីទទួលស្គាល់បញ្ហាក្នុងបណ្តាញសង្គមនេះ ដែលបានរីកចម្រើនធំធាត់រហូតមានអ្នកប្រើប្រាស់ដល់ទៅ ២ ពាន់លាននាក់ ប៉ុន្តែក៏ត្រូវបានគេរិះគន់ផងដែរដោយសារតែការផ្តល់ព័ត៌មានក្លែងក្លាយ និងការប្រឌិតព័ត៌មានបំពុល។

នៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ Facebook បានបង្ហាញពីជំហានច្រើនដំណាក់កាលដើម្បីផ្តោតលើគ្រួសារនិងមិត្តភក្តិ ទោះបីវាមានន័យថាមនុស្សនឹងចំណាយពេលតិចលើបណ្តាញសង្គមនេះក៏ដោយ។

ផុសកាលពីថ្ងៃចន្ទបានបង្ហាញយ៉ាងច្បាស់ពីការវាយតម្លៃឡើងវិញជាបន្តបន្ទាប់អំពីរបៀបដែល Facebook ដំណើរការ។

លោក Zuckerberg សរសេរថា "ហេតុផលដែលសហគមន៍របស់យើងកើតមានសព្វថ្ងៃនេះមិនមែនដោយសារតែយើងចៀសវាងពីកំហុសនោះទេ។ វាគឺដោយសារតែយើងជឿជាក់ថាអ្វីដែលយើងកំពុងធ្វើគឺគ្រប់គ្រាន់ដើម្បីបន្តដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតរបស់យើង ដោយដឹងច្បាស់ថាយើងនឹងបរាជ័យម្តងហើយម្តងទៀត ប៉ុន្តែវាគឺជាមធ្យោបាយតែមួយគត់ដើម្បីធ្វើឱ្យមានវឌ្ឍនភាព"៕

adverise with khmeread