បែកធ្លាយរូបថតជាច្រើនសន្លឹករបស់ "Taylor Swift ចិន" កាលពីកុមារភាព

នាពេលថ្មីៗនេះ មានការលេចធ្លាយរូបភាពដែលគេកម្រឃើញមួយចំនួនដោយបង្ហាញពីកំពូលតារាចម្រៀងស្រីហុងកុងនាង G.E.M កាលពីនាងនៅជាកុមារភាព។

ទំព័រអ្នកគាំទ្រនាង G.E.M ឈ្មោះ @FRGEM នៅលើបណ្ដាញសង្គម Weibo បានបញ្ចេញរូបភាពប្រៀបធៀបចំនួន៩សន្លឹកដោយបង្ហាញពីនាងកាលពីនៅជាកុមារីម្នាក់។ ក្នុងចំណោមរូបភាពទាំងនោះគេសង្កេតឃើញថា G.E.M ពិតជាមិនបានផ្លាស់ប្ដូរសោះឡើយនារយៈពេល២ទសវត្សរ៍មកនេះ។

អ្វីដែលគេអាចកត់សម្គាល់បានទៀតនោះគឺថា តារាចម្រៀងរូបនេះគឺបានរៀនសូត្រផ្នែកតន្ត្រី ទាំងឧបករណ៍ភ្លេង និងការច្រៀងតាំងពីកុមារភាព។ យោងតាមការសម្ភាសកន្លងទៅជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា គ្រួសារបស់នាងគឺមានទំនោរខាងតន្ត្រី ហើយនាងបានរៀនលេងព្យ៉ាណូតាំងពីអាយុ៣ឆ្នាំមកម៉្លេះ។

នាង G.E.M ដែលមានឈ្មោះពិត តឹងជឺឈី និងមានដើមកំណើតនៅទីក្រុងសៀងហៃ បច្ចុប្បន្នជាតារាចម្រៀងទាំងកុកងឺ និងកាតាំង ហើយនាងមានឈ្មោះល្បីល្បាញខ្លាំងនៅចិនដីគោកចាប់តាំងពីបានចូលរួមក្នុងកម្មវិធីទូរទស្សន៍ចិន "I AM A SINGER"​ ក្នុងឆ្នាំ ២០១៤។

តារាចម្រៀងវ័យ ២៦ ឆ្នាំរូបនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចពណ៌នាថាជា Taylor Swift នៅចិនដោយសារតែកេរ្តិ៍ឈ្មោះដ៏ល្បីរន្ទឺរបស់នាងនៅចិន និងនៅប្រទេសសមាជិកអាស៊ានមួយចំនួន និងសមត្ថភាពនិពន្ធចម្រៀងនិងចេះលេងឧបករណ៍ផ្សេងៗ៕


adverise with khmeread