Phone

តើការទុកទូរស័ព្ទដៃក្នុងហោប៉ៅខោប៉ះពាល់ដល់មេជីវិតមែនឬ?

          ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា បុរស​ដែល​ទុក​ទូរស័ព្ទ​ដៃ​ក្នុង​ហោប៉ៅ​ខោ​របស់​ខ្លួន​ប្រឈម​នឹង​ការធ្វើ​ឲ្យ​ងាប់​មេជីវិត។

          ការធ្វើ​តេស្ត​បង្ហាញ​ថា បរិមាណមេជីវិត​ធ្លាក់​ចុះ​ច្រើន ចំពោះបុរស​ដែល​ទុក​ទូរស័ព្ទ​ដៃក្នុងហោប៉ៅខោ​ត្រឹមតែរយៈ​ពេល​១​ម៉ោង​ក្នុង​មួយថ្ងៃ ​អាចធ្វើ​ឲ្យ​ពួកគេ​មិនអាចមាន​កូន​ផងដែរ។ សាស្ត្រា​ចារ្យ​ Gedis Grudzinskas អ្នក​ពិគ្រោះ​យោ បល់​ផ្នែក​បង្ក​កំណើត បាន​និយាយថា “បុរសៗ​ចាំបាច់ត្រូវ​គិត​អំពី​សុខ​ភាព​របស់ ខ្លួន ហើយ​ព្យាយាម​ផ្តាច់ទម្លាប់ញៀន​នឹងទូរស័ព្ទ​ដៃ​”។

          ក្រុម​អ្នក​ស្រាវជ្រាវ​បានតាម​ដាន​បុរស​១០៦​នាក់​ពេញ​មួយឆ្នាំ​ ហើយ​រក​ឃើញ​ថា ៤៧​ភាគរយ​នៃ​អ្នក​ញៀន​នឹង​ទូរស័ព្ទ​ដៃ​បាន​ថយ​ចុះបរិមាណ​មេជីវិត​ ដែល​ចំនួន​នេះគឺច្រើនជាង​បួន​ដងនៃ​អ្នក​ប្រើ​ប្រាស់ធម្មតា។

          សាស្ត្រាចារ្យ Martha Dirnfeld មក​ពី​សកលវិទ្យា​ល័យ​ Technion University នៅ​ក្រុងហៃហ្វាប្រទេសអ៊ីស្រាអ៊ែល​ បាន​និយាយថា រលក​មេដែក​អគ្គិសនី​​អាចធ្វើ​ឲ្យ​ងាប់​មេជីវិត​។​​ លោក​ស្រីបាន​និយាយថា “​យើង​បាន​វិភាគ​លើ​មេជីវិត​សកម្ម​ហើយ​រក​ឃើញ​ថា បរិមាណបានថយចុះ។ យើងគិតថា បញ្ហា​នេះគឺ​បណ្តាល​មក​ពី​កម្តៅ​ដែល​ភាយ​ចេញពី​ទូរស័ព្ទ​ដៃ និង​ដោយ​សារ​សកម្មភាព​មេ​ដែកអគ្គិសនី​”។

          ការរក្សាទុកទូរស័ព្ទ​ត្រង់តំបន់​ក្បែរក្រលៀន​ ការប្រើ​ប្រាស់​នៅ​ពេល​កំពុង​សាក​ថ្ម​និង​សូម្បីទូរស័ព្ទ​លើក​តុ​កៀក​ខ្លួន​ពេក​ក៏ទំនងជា​ធ្វើ​ឲ្យ​បរិមាណ​មេជីវិត​ថយ​ចុះ​ដែរ។ លទ្ធផល​នៅក្នុងព្រឹត្តិបត្រ Reproductive BioMedicine គាំទ្រ​ដល់​ទំនាក់​ទំន​ងដែលគេបារម្ភ​យូរមក​ហើយ​រវាង​ការធ្លាក់ចុះ​មេជីវិត​របស់​បុរស​ព្រោះ​ការ​ប្រើ​ប្រាស់ទូរស័ព្ទ​ដៃ។

          សាស្ត្រាចារ្យ Martha Dirnfeld បាន​និយាយថា “នេះគឺជាការព្រមាន​មួយ​ចំពោះ​បុរស​ទាំង​ឡាយ​ឲ្យ​កែប្រែទម្លាប់​របស់​ខ្លួន ដើម្បី​ធ្វើ​ឲ្យ​ឱកាសបង្ក​កំណើត​ប្រ​សើរ​ឡើង។​​ ទោះជា​យ៉ាងណា​អ្នក​ឯកទេស​ទាំងអស់មិនមែន​សុទ្ធ​តែ​យល់​ស្របនឹង​ការ​លើក​ឡើងនេះទេ។ សាស្ត្រាចារ្យ​ Alan Pacey ជា​អ្នក​ឯក​ទេស​ស្រាវ​ជ្រាវ​ការបង្កកំណើត​នៅ​សកលវិទ្យាល័យ Sheffield University បាន​អះ​អាង​ថា លោកនឹង​បន្ត​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅខោ​របស់​លោកទៀត។

          ប៉ុន្តែ​សាស្ត្រាចារ្យ Martha Dirnfeld បាន​ជំទាស់​ថា “​សម្រាប់​បុរសវ័យ​ក្មេង​ វាជា​ការ​បារម្ភ​។ ប្រសិន​បើ​អ្នក​ព្យាយាម​ចង់​បាន​កូន​ ហើយ​វាមិនអាចទៅ​រួច​​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ នោះអ្នក​នឹងគិត​ថា តើ​វាអាចបណ្តាល​មកពី​បញ្ហា​​រក្សាទុក​ទូរស័ព្ទ​ដៃ​របស់អ្នក​ឬមែនយ៉ាងណា​”។

          ហើយ​លោក Graham Lamburn មកពី​ក្រុម​ស្រាវជ្រាវ Powerwatch បាន​និយាយថា ភស្តុតាង​នៃការ​ថយ​ចុះបរិមាណ​មេជីវិត​គឺជារឿ​ង​ដែល​គួរឲ្យ​ចាប់​អារម្មណ៍និងយក​ចិត្ត​ទុក​ដាក់៕

ប្រភព៖ mirror

មតិយោបល់