មនុស្សយ៉ាងតិច ១៨ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងបើកលឿនដូចហោះក្នុងទីក្រុងហុងកុង កាលពីថ្ងៃសៅរ៍ ក្នុងគ្រោះថ្នាក់អាក្រក់បំផុតនៅទីក្រុងកោះមួយនេះក្នុងប៉ុន្មានឆ្នាំមកនេះ។
វីដេអូរបស់ទូរទស្សន៍បានបង្ហាញរថយន្តក្រុងនេះក្រឡាប់ផ្ងារនៅចិញ្ចើមផ្លូវហាយវ៉េមួយនៅភាគខាងជើងទីក្រុង។ ក្រុមបុគ្គលិកសង្គ្រោះបានកាត់ដំបូលឡានក្រុងចេញ ដើម្បីជួយអ្នកដំណើរដែលកៀបជាប់នៅខាងក្នុង។
ប៉ូលិសនិយាយថា មនុស្សយ៉ាងតិច ១៨ នាក់ ក្នុងនោះមានបុរស ១៥ នាក់ ត្រូវបានប្រកាសថាស្លាប់នៅនឹងកន្លែងភ្លាមៗ។ ជាង ១០ នាក់ទៀតបានរងរបួស ដោយអ្នកខ្លះអង្គុយនៅមាត់ផ្លូវហាយវ៉េទាំងឈាមស្រោចពេញខ្លួន។
បុរសចំណាស់ម្នាក់បានសម្ភាសជាមួយទូរទស្សន៍មួយ ដោយនិយាយថា អ្នកបើកបរបើកឡានលឿនដូចហោះនៅគ្រាដែលកើតគ្រោះថ្នាក់នេះ ហើយថែមទាំងបត់ផ្លូវកោងទាំងជាន់ល្បឿនលឿនៗទៀត។
នាយកប្រតិបត្តិក្រុមហ៊ុន The Kowloon Motor Bus Co ឈ្មោះ So ដែលជាម្ចាស់ឡានក្រុងនេះ និយាយថា ក្រុមហ៊ុននឹងផ្តល់ជំនួយ ៨០.០០០ ដុល្លារហុងកុង (ជាង ១០.២៣០ ដុល្លារ) ដល់គ្រួសារជនរងគ្រោះនីមួយៗ។
ក្រុមហ៊ុននិយាយថា ខ្លួននឹងបង្កើតក្រុមស៊ើបអង្កេតមួយដើម្បីស្វែងរកមូលហេតុនៃឧបទ្ទវហេតុនេះ៕
