ស្លាប់ម្នាក់, របួសម្នាក់ ក្នុងហេតុការណ៍បើកម៉ូតូលឿនបុកគូទ រថយន្តចតស្ងៀម

​ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារជិះម៉ូតូលឿនជ្រុលបុក គូទរថយន្តកូរ៉េឃ្លប់របស់រោងចក្រដែលចតស្ងៀម កាល ពីវេលាម៉ោង​៩ និង ១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ទល់មុខអាគារលេខ ២៧ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​យោងតាមសម្តីប្អូនស្រីបង្កើតបានឱ្យដឹងថា ជនរងគ្រោះ (សព) ឈ្មោះ ចាន់ ណេ អាយុ២៤​ឆ្នាំ ធ្វើការសំណង់អ្នករងរបួសធ្ងន់មានឈ្មោះ តូច ហ៊ន អាយុ២៣ឆ្នាំ មុខរបរធ្វើសំណង់ អ្នកទាំងពីររស់នៅជាមួយគ្នា ក្នុងភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង​។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េឃ្លប់ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0915 ចតស្ងៀមនៅខាងក្នុងបរិវេណសួនឧស្សាហ៍កម្មកាណាឌីយ៉ា ទិសដៅពីត្បូងទៅជើង​។

​ខណៈមកដល់វេលាកើតហេតុ ស្រាប់តែមាន យុវជន២នាក់ជិះម៉ូតូម៉ាក zoomerx ពណ៌លឿង លាយខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1GI-8683 ធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដោយ មិនបាន ប្រយ័ត្នក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឱ្យ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង​។ ចំណែកម្នាក់ទៀតរង របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាៗផងដែរ។

​សមត្ថកិច្ចជំនាញបានវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុក ដើម្បីរងចាំការដោះស្រាយគ្នានៅថ្ងៃក្រោយ​។ ចំណែកសពប្រគល់ឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​៕

adverise with khmeread