ជនបរទេស៧នាក់ដើរកម្សាន្តពេលរាត្រីនៅភ្នំពេញ ត្រូវចោរឆក់កាបូប

​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ធ្វើសកម្មភាពឆក់កាបូបជនបរទេស មិនបានសម្រេចក៏ត្រូវបានរថយន្ត អ្នកក្លាហាន ដេញបុក ម៉ូតូជនសង្ស័យ២នាក់នោះឱ្យដួលត្រូវសមត្ថកិច្ចចាប់បានម្នាក់និងម្នាក់ទៀត រត់គេចខ្លួនបាត់​។

​អំពើឆក់ខាងលើនេះបង្កមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលា ម៉ោង​១២ និង ១០នាទីយប់ ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុរាម្រិត កែងផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

​ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ឈី ឆៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរមុខរបរនិងទីលំនៅមិនពិតប្រាកដ​។ មានស្រុកកំណើតនៅភូមិទ្រា ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង និងបក្ខពួក ដែលរត់រួចជាអ្នកបើកម៉ូតូហើយក៏ជាម្ចាស់ម៉ូតូមានឈ្មោះ អា ភ័ក្រ្ត​ អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅខេត្តកណ្តាល (រត់គេចខ្លួន)។

​ប៉ូលិសបន្តថា​ ដំបូងមានជនបរទេសចំនួន៧នាក់ (មានប្រុសមានស្រី) ដើរនៅលើសួន ហើយក៏ដើរឆ្លងថ្នល់​។ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកឌ្រីម១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FP-5327 បានធ្វើសកម្មភាព ឆក់កាបូបពីជនបរទេសធ្វើឱ្យស្ត្រី ជនបារាំង នោះដួលរងរបួសបែកក្បាលបន្តិច និងរលាត់ជើងផងដែរ ​តែមិនបានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួន​។

​ពេលនោះ ក៏មានរថយន្តហាយឡែនឌ័រមួយគ្រឿង ឃើញដូច្នេះក៏ជិះដេញបុកពីក្រោយ ម៉ូតូជនសង្ស័យនោះបណ្តាលឱ្យដួល ចាប់បានម្នាក់ ហើយអ្នកបើកនោះបានរត់គេចខ្លួនបាត់ នៅសល់ទុកតែម៉ូតូ និងអ្នកជិះពីក្រោយ​។

​ចំណែកជនរងគ្រោះឈ្មោះ BECkER MARlELOUlSE ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ស្នាក់នៅសណ្ឋាគារ​ អគារលេខ៨ផ្លូវ៧៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ កាន់លិខិតឆ្លងដែនលេខ១១AI៩៦៥០៧។

​សម្ភារៈបាត់បង់ គ្មាន (កាបូបស្ពាយពណ៌ខ្មៅដែលមានខោមួយអាវមួយនិងឯកសារមួយចំនួនត្រូវបានជនរងគ្រោះដណ្តើមយកវិញបាន)។ ​ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី​​៕


adverise with khmeread