ចាប់ខ្លួនបុរសចិន២នាក់ពាក់ព័ន្ធករណីប្លន់, បន្ទាប់មកឃាត់ថែម៩នាក់ទៀត

​ភ្នំពេញ​ ៖ ជនជាតិចិន២នាក់ប្រដាប់ដោយអាវុធខ្លី១ដើមត្រូវ បានកម្លាំងប៉ូលិស​ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួន ខណៈពេលកំពុងល្បាត ប្រទះឃើញពួកគេកំពុងជិះគួរឱ្យ
សង្ស័យកាលពីវេលាម៉ោង ១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​លុះព្រឹកឡើងថ្ងៃដដែលកម្លាំងប៉ូលិសខណ្ឌ សហការជាមួយប៉ូលិសព្រហ្មទណ្ឌ​កម្រិតធ្ងន់ក្រុង បានចុះធ្វើការឃាត់ខ្លួននៅចំណុចនៅក្នុងផ្ទះជួល ស្ថិតនៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនថែម បានចំនួន៩នាក់ទៀតក្នុងនោះមានស្រី២នាក់ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនទៀត បន្ទាប់មកបាននាំទៅធ្វើការសាកសួរនៅផ្នែកព្រហ្មទណ្ឌខណ្ឌ។

​លោកវរៈសនីយ៍ឯក យឹម សារ៉ាន់ អធិការប៉ូលិសខណ្ឌ បានឱ្យដឹងថា​ ជនសង្ស័យ២​នាក់ដែលឃាត់បានកាលពីវេលាយប់នោះ​ រួមមានទី១-ឈ្មោះDai Xun ភេទប្រុសអាយុ៣៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខEA-1926438និងទី២-ឈ្មោះPu Yijiang ​ភេទប្រុស អាយុ៣០ឆ្នាំ គ្មានលិខិតឆ្លងដែននោះឡើយ។ ពួកគេទាំង២នាក់នេះប្រដាប់ដោយកាំភ្លើងខ្លីម៉ាកកា៥៩មួយដើមនិងជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1AD-1679។

​ចំណែកមនុស្សចំនួន៩នាក់ទៀត ដែលចាប់ខ្លួនព្រឹកឡើងនៅក្នុងផ្ទះជួល ស្ថិតនៅក្នុង​បុរីញូវថោននោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ ប៉ូលិសបានដកហូតបានម៉ូតូ លិខិតឆ្លងដែន ទូរស័ព្ទដៃ និងសម្ភារៈផ្សេងមួយចំនួនទៀត​។

​លោកអធិការបានបន្តទៀតថា ការឃាត់ខ្លួនជនជាតិចិនទាំង១១នាក់នោះផ្ដើមចេញពីការប្រើប្រាស់អាវុធគ្មានច្បាប់អនុញ្ញាត ហើយក៏មានការសង្ស័យថា ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពប្លន់ និងបាញ់សម្លាប់មនុស្សកាលពីជិត១ឆ្នាំមុននៅក្នុងបុរីខាងលើនោះទៀតផង។ ​ប៉ុន្តែទោះជាបែបណាកំពុងស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ និងស្ថិតក្នុងការសង្ស័យតែប៉ុណ្ណោះ។

​ប្រភពដដែលបានបន្តទៀតថា ពេលនោះបានឃើញជនសង្ស័យមានចាក់សាក់ដៃ ​ដែលមានភិនភាគដូចគ្នាទៅនឹងមុខសញ្ញាចោរប្លន់ប្រដាប់អាវុធជនជាតិចិនម្នាក់ ដែលកម្លាំងកំពុងតាមរកចាប់ខ្លួននោះ។

​​កម្លាំងប៉ូលិសក៏បានដេញតាមឃាត់ឱ្យឈប់ ហើយជននោះបានព្យាយាមដកកាំភ្លើងខ្លីម៉ាកK59ប្រុងបាញ់តដៃជាមួយប៉ូលិស។ ​ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចាប់ដកយកកាំភ្លើងនិងចាប់ខ្លួនបានភ្លាមៗតែម្ដង។

​បន្ទាប់មកប៉ូលិសបាននាំទៅសាកសួរទាំងយប់ លុះព្រឹកឡើងទើបបន្តទៅចាប់ខ្លួនបក្ខ​ទាំងប្រុសទាំងស្រី៩នាក់ទៀតដល់ផ្ទះ ដែលពួកគេជួលស្នាក់នៅក្នុងបុរីញូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ រួចបាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមច្បាប់​​៕​

adverise with khmeread