លោក Graeme Souness: Pogba ត្រូវការពេលវេលាច្រើនទៀតដើម្បីក្លាយជាកីឡាករឆ្នើម

          អតីត​វីរបុរសក្លឹប Liverpool លោក Graeme Souness បាន​រិះគន់​ខ្លាំងៗ​លើខ្សែបម្រើ Paul Pogba របស់​ក្លឹប Man Utd និង​បានប្រដូច​កីឡាករ​រូបនេះទៅនឹង​ក្មេងសិស្សសាលាដែលកំពុងក្នុងទីធ្លា។

លោក Souness ជឿថា Pogba មិនយល់ច្បាស់​ពី​តំណែងរបស់ខ្លួន ដើម្បី​ក្លាយខ្សែបម្រើ​ឆ្នើម​ម្នាក់​នោះទេ។ លោកបានសរសេរថា “ Pogba អាចនឹងក្លាយជា​កីឡាករ​ឆ្នើម ប៉ុន្តែនៅ​ពេល​នេះគាត់មិនទាន់ជា​កីឡាករ​ឆ្នើម​នៅឡើយ​ទេ។​ បញ្ហានោះគឺថា កីឡាកររូបនេះ​ខ្វះ​ការទទួលខុសត្រូវ​ ក្នុងឋានៈជា​ខ្សែបម្រើ​កណ្តាល”។

លោក Souness បាននិយាយថា “​​នៅពេលនេះ Pogba មានវ័យ​២៤​ឆ្នាំ ហើយ​​មានតម្លៃខ្លួន​៨៩​លានផោន​ ប៉ុន្តែគាត់មិនយល់ថា ​តើ​កីឡាករ​ដែលលេងក្នុង​តំណែងនេះត្រូវធ្វើ​អ្វី។ គាត់លេងដូចសិស្សសាលា​រត់តាមបាល់នៅក្នុងទី ធ្លា​​ក្មេង​លេងចឹង”។

          Pogba បាន​វិលត្រឡប់​មក​កាន់​ពហុកីឡាដ្ឋាន Old Trafford ក្នុងតម្លៃ​ផ្ទេរ​ខ្ពស់បំផុត​៨៩​លានផោន​ កាល​ពីរដូវក្តៅឆ្នាំ​២០១៦ បន្ទាប់ពីចំណាយ​ពេល​៤ឆ្នាំ​នៅ​ក្លឹប Juventus។

          កីឡាករ​បារាំងរូបនេះបានជួយ​ក្រុម​ ​Man Utd ឡើង​មក​ក្របខណ្ឌ​ CL កាល​ពី​រដូវក្តៅ​ឆ្នាំ​មុន​ ហើយបានជួយ Man Utd ​លើកពាន​ក្របខណ្ឌ Europa League ផងដែរ ប៉ុន្តែថ្មីៗនេះ​លោក Jose Mourinho ហាក់ដូចជា​មិនសូវ​ពេញចិត្ត​នឹង​ទម្រង់លេង​របស់​កីឡាករ​រូបនេះទេ។

          កីឡាករ​វ័យ​២៤ឆ្នាំ​រូបនេះ​ត្រូវបាន​ប្តូរ​ចេញ​ អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម Spurs បន្ទាប់​ពី​មាន​ការ​តវ៉ាជាមួយអ្នក​ចាត់ការ ហើយក៏​មិន​បាន​បង្ហាញ​មុខ​ក្នុងពេល​ Man Utd ប្រកួត​ជាមួយ​ក្រុម Huddersfield កាល​ពី​សប្តាហ៍​មុនផងដែរ៕

adverise with khmeread