ហុងកុងឆ្នាំនេះអត់បាញ់កាំជ្រួចអបអរចូលឆ្នាំចិនទេ ដើម្បីកាន់ទុក្ខសោកនាដកម្មដ៏រន្ធត់ថ្ងៃមុន

ទស្សនីយភាពកាំជ្រួចដ៏ស្រស់ស្អាតរៀបចំរាល់ឆ្នាំនៅកំពង់ផែជ័យជម្នះរបស់ហុងកុងដើម្បីអបអរចូលឆ្នាំចិន នឹងត្រូវលុបចោលក្នុងឆ្នាំនេះ ព្រោះទីក្រុងកាន់ទុក្ខជនរងគ្រោះនៃឧបទ្ទវហេតុក្រឡាប់ឡានក្រុងកាលពីប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរក្រុងកាលពីថ្ងៃទី ១២ កុម្ភៈ។

រថយន្តក្រុង២ជាន់ដែលបើកលឿនដូចហោះ បានក្រឡាប់ផ្ងារនៅភាគខាងជើងហុងកុងកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន ដោយសម្លាប់មនុស្ស ១៩ នាក់ និង បណ្តាលឱ្យរបួសជាង ៦០ នាក់ ក្នុងនោះខ្លះរបួសធ្ងន់។

ប្រធានាធិបតីចិន ស៊ីជីនពីង បានចូលរួមរំលែកទុក្ខនិងការសោកស្តាយដល់គ្រួសារជនរងគ្រោះក្នុងសារមួយផ្ញើទៅកាន់ប្រមុខដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua កាលពីថ្ងៃចន្ទ៕

adverise with khmeread