ស្រ្តីម្នាក់ត្រូវបានជនសង្ស័យឆក់កាបូប បណ្តាលឱ្យដួលបែកមុខបែកមាត់

​ភ្នំពេញ ៖ ស្រ្តីម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានចោរពីរនាក់ជិះមួយគ្រឿង មកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយតែ មិនបានសម្រេច បណ្តាលជនរងគ្រោះ ដួលម៉ូតូរងរបួសបែកមុខបែកមាត់ កាលពីវេលាម៉ោង​៨ និង៥០នាទី យប់ថ្ងៃទី១២ ខែ​កុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ លេខ១៨២ខាងលិចស្តុបទេពផន ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ នួន​ កញ្ជនី ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត​ស្នាក់ផ្ទះជួលមួយកន្លែងក្បែរផ្សារជិនណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

​យោងតាមសម្តីពីស្ត្រីម្នាក់ដែលត្រូវជាមិត្តភក្តិជនរងគ្រោះបាន ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់ និងជនរងគ្រោះជិះម៉ូតូមួយគ្រឿងជាមួយគ្នាមកពីស្តារការងារក្នុងមន្ទីរពេទ្យរុស្ស៊ី។ លុះដល់ពេលចប់ម៉ោងការងារ ជនរងគ្រោះបានជិះម៉ូតូឌុបរូបគាត់មកផ្ទះនៅម្តុំសាលារៀនវ៉ាន់ដា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន​។

​សាក្សីរូបនេះបន្តទៀតថា ជនរងគ្រោះបានជិះម៉ូតូទៅផ្ទះវិញម្នាក់ឯង ខណៈ​មកដល់ចំណុចកើតហេតុខាងលើ ក៏លេច មុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយ ស្របទិសដៅគ្នាបានធ្វើសកម្មភាព ឆក់កាបូប ដែលរូបគាត់ស្ពាយចំហៀងនៅខាងមុខ មិនបានសម្រេច បណ្តាលឱ្យដួលរងរបួសបែកមុខបែកមាត់​។ ចំណែកជនសង្ស័យឃើញសភាពមិនស្រួលបានជិះម៉ូតូគេចខ្លួន បាត់តែម្តង។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួមនិងសាច់ញាតិ​ជនរងគ្រោះបាន បញ្ជូនតាមម៉ូតូកង់បីឥណ្ឌាទៅព្យាបាលដោយខ្លួនឯង​។ ​ចំណែកម៉ូតូសមត្ថកិច្ច ប្រគល់ជូនសាច់ញាតិយកត្រឡប់ទៅផ្ទះវិញ និងឱ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីកំណត់មុខសញ្ញា តាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់​៕

adverise with khmeread