បើកម៉ូតូលឿនបុករបាំងថ្មស្លាប់ម្នាក់ ក្រោយការសង្គ្រោះអស់លទ្ធភាព

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ​តែដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់តែម្តង ។

​ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង​១២ និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខភោជនីយដ្ឋានភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ២ ​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​។

​តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1V-5882 ​ធ្វើដំណើរពីទិសខាងជើងទៅ ទិសខាងត្បូងតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿន​។

​ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបោកក្បាលខ្ទប់និងទ្រូងផ្លូវរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូខ្ទៀតចំងាយជាង ៤០ម៉ែត្រ​។​ ភ្លាមនោះរថយន្តសង្គ្រោះបានមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែដោយសារតែស្ថាន ភាពធ្ងន់ធ្ងរពេកជនរងគ្រោះក៏ស្លាប់ពេលកំពុងសង្គ្រោះ (មិនទាន់ស្គាល់ឈ្មោះអាយុប្រហែល២០ឆ្នាំ)។

​ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកមកទីតាំងកើតហេតុវិញ ដើម្បីឱ្យសមត្ថកិច្ចធ្វើកំណត់ ហេតុ រួចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​។

​ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ រង់ចាំបងប្អូនយកឯកសារមកទទួលវិញ​៕


 

adverise with khmeread