ជាប់គុក ២០ ឆ្នាំ​ ពិន័យជិត ២០ លានដុល្លារ គ្រាន់តែប្រើឈ្មោះប្រធានាធិបតី ដើម្បីប្រព្រឹត្តពុករលួយ

តុលាការកូរ៉េខាងត្បូងបានកាត់ទោសលោកស្រី Choi Soon-sil ដែលជាមិត្តភក្តិនិងជាទីប្រឹក្សារបស់អតីតប្រធានាធិបតីស្រី Park Geun-hye ឱ្យជាប់គុក ២០ ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ ប្រើឥទ្ធិពលអំណាចអ្នកធំដើម្បីជិះជាន់គេ និង រំលោភបំពានអំណាច។

លោកស្រី Choi Soon-sil បានស្ថិតនៅចំកណ្តាលនៃរឿងអាស្រូវអំពើពុករលួយដ៏ធំ ដែលនាំឱ្យទៅដល់ការចោទប្រកាន់និងដកតំណែងលោកស្រី Park Geun-hye ដែលជាប្រធានាធិបតីស្រីដំបូងរបស់ប្រទេសនេះ។

លោកស្រី Park Geun-hye កំពុងឡើងតុលាការជំនុំជម្រះការចោទប្រកាន់រាប់សិបករណីនៅឡើយ ប៉ុន្តែបានបដិសេធពុំបានធ្វើខុសទេ។

មេធាវីរបស់លោកស្រី Choi Soon-sil និយាយថា លោកស្រីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសនេះ។

លោកស្រី Choi Soon-sil ត្រូវបានគេចោទប្រកាន់ពីបទប្រើឈ្មោះប្រធានាធិបតីក្នុងដាក់សម្ពាធដល់ក្រុមហ៊ុននានា រួមមានក្រុមហ៊ុនអេឡិចត្រូនិក Samsung និងក្រុមហ៊ុនលក់រាយ Lotte ដើម្បីបរិច្ចាគប្រាក់រាប់លានដុល្លារដល់អង្គការមិនរកប្រាក់ចំណេញចំនួន២ដែលលោកស្រីគ្រប់គ្រង។

ចៅក្រមបាននិយាយថា "កំហុសរបស់ជនជាប់ចោទគឺធ្ងន់ធ្ងរណាស់" ដោយបន្ថែមថា លោកស្រី Choi Soon-sil បានកេងចំណេញលើ "ទំនាក់ទំនងឯកជនយូរអង្វែង" របស់ខ្លួនជាមួយលោកស្រី Park Geun-hye ដើម្បីសូកប៉ាន់ និងបានជ្រៀតជ្រែកក្នុងកិច្ចការរដ្ឋយ៉ាងទូលំទូលាយ"។

តុលាការក្រុងសេអ៊ូលបានពិន័យលោកស្រី Choi Soon-sil ចំនួន ១៨ ពាន់លានវ៉ុន (១៦,៦ លានដុល្លារ) ផងដែរ។

លោកស្រី Park Geun-hye ត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយលោកស្រី Choi Soon-sil ។ លោកស្រីនៅកំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ ដោយរង់ចាំសាលក្រមប្រកាសនៅចុងឆ្នាំនេះ៕

adverise with khmeread