រឿងធំ!!! មន្រ្តីជំនាញសុរិយោដីមិនគោរពតាមស្មារតី ស.ជ.ណ លេខ៨៩ ដែលបានចេញឱ្យក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍

កណ្តាល ៖ លោកអគ្គនាយកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ អះអាងថា "មន្រ្តីជំនាញសុរិយោដី ថ្នាក់ ខេត្តនិង ថ្នាក់ក្រសួង បានមកវាស់វែងដីរបស់ក្រុមហ៊ុន ដោយមិនបានអនុវត្តទៅតាមស្មារតីនៃលិខិតលេខ៨៩ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នោះទេ"។

​លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកក្រុមហ៊ុនអេងឌីប៉ូ អភិវឌ្ឍន៍ ដែលបានបោះទុន វិនិយោគជាង ៨០ លានដុល្លាអាមេរិក លើដំណាំស្រូវក្រអូប នៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាលឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ថា «កាលពីថ្ងៃទី៩ ខែកុម្ភៈ មន្រ្តីជំនាញ បានហៅខាង តំណាងក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ចូលរួមប្រជុំ នៅសាលា ឃុំកំពង់អុស។ ប៉ុន្តែអង្គប្រជុំនេះ មិនបានគោរព ឬអនុវត្តតាម ស.ជ.ណ លេខ៨៩នោះទេ»។

​លោកបន្តថា ដោយគេព្យាយាមឱ្យក្រុមហ៊ុនរបស់លោក គោរពតាមសំណើ របស់ខេត្តកណ្តាល ដោយយោងទៅតាម ស.ជ.ណ លេខ២៣ ដែលអស់សុពលភាពហើយនោះ។

​លោកឧកញ៉ា ឌី ប៉ូ បញ្ជាក់ដូច្នេះថា «គឺក្រុមហ៊ុនមិនអាចចូលរួមអនុវត្ត តាមស្មារតី អង្គប្រជុំ ដែលដឹកនាំដោយ លោក ចេង ស្រុង ប្រធាននាយកដ្ឋានអធិការកិច្ចភូមិបាល នៃ ក្រសួង រៀបចំដែនដី ដែលជាប្រធានអង្គប្រជុំ បាននោះទេ»។

​លោកឧកញ៉ា បញ្ជាក់ថា “គេឱ្យក្រុមហ៊ុនរបស់ខ្ញុំបាទ ត្រូវគោរពតាមសំណើរបស់ខេត្តកណ្តាល ហេតុដូច្នេះ ខ្ញុំមិនអាចទទួលយកបានទេ ពីព្រោះក្រុមហ៊ុនរបស់ខ្ញុំ មាន ស.ជ.ណ លេខ៨៩ រួចហើយ”។ លោកបន្តថា “លោកចេង ស្រុង បាននិយាយថា ស.ជ.ណ លេខ២៣ នៅមាន ប្រសិទ្ធភាពតទៅទៀត ដោយគាត់ថា ស.ជ.ណ លេខ៨៩ មិនមានដាក់និរាករណ៍ ស.ជ.ណ លេខ២៣ទេ។ លោកឧកញ៉ា ឌី ប៉ូ លើកឡើងថា ចំពោះបញ្ហានេះ គឺមិនត្រឹមត្រូវនោះទេ នៅពេល ស.ជ.ណ លេខ ៨៩ ចេញមក គឺស.ជ.ណ ចាស់ត្រូវអស់សុពលភាពដោយស្វ័យប្រវត្តិបាត់ទៅហើយ។

​លោក អគ្គនាយកក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ បញ្ជាក់ថា ចំពោះក្រុមហ៊ុនខ្ញុំបាទ បានទិញដីពី ប្រជាពលរដ្ឋអស់ហើយ ហើយបានចាប់ផ្តើមអភិវឌ្ឍន៍ តាំងពីឆ្នាំ២០០៦មកម្ល៉េះ ពីប្រជាពលរដ្ឋដែលមានដីពិតប្រាកដ មិនបានមកធ្វើការតវ៉ាជាមួយក្រុមហ៊ុននោះទេ មានតែក្រុមឈ្មួញ មករំខាននៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

​ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនបានផ្អាកការដាំដុះស្រូវ ពេលនោះមានមន្រ្តីជំនាញថ្នាក់ក្រសួង ថ្នាក់ខេត្តមួយចំនួន បានចូលទៅវាស់ដីក្រុមហ៊ុន ចែកគ្នាម្តងរួចមកហើយ។​ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ មានមន្រ្តីជំនាញក្រសួង ខេត្ត និងស្រុកមួយចំនួនតូច បានទៅវាស់វែងដីរដ្ឋ យកទៅលក់ឱ្យឈ្មួញ និង យកប្រជាពលរដ្ឋមិនមានដីពិតប្រាកដធ្វើជាខែល ដែលនេះជាការពិត។ លោកឧកញ៉ា ឌី ប៉ូ បញ្ជាក់ថា «ពីព្រោះដីនេះជាដីរបស់រដ្ឋ ហើយរដ្ឋជួលឱ្យក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍ ដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិ យកដីរបស់រដ្ឋ ទៅលក់ ឬធ្វើបណ្ណកម្មសិទ្ធិបាននោះទេ»។

​ជាមួយគ្នានេះ លោកឧកញ៉ា ឌី ប៉ូ បានលើកឡើងក្នុងស្មារតីអង្គប្រជុំនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ថា អាជ្ញាធរខេត្តកណ្តាលដាក់សំណើ ដល់ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និងសំណង់ នៅក្នុងជំហានទី១ គឺចុះទៅរកដីដែល បានចេញប័ណ្ណជាន់នៅលើដីក្រុមហ៊ុន ជាង១០គ្រួសារ​។ ចំណែកជំហានទី២ គឺអនុវត្តតាមសំណើ របស់ខេត្ត គឺការឈានទៅចុះបញ្ជីក្បាលដីផ្សេងៗទៀត គឺការវាស់វែងឱ្យប្រជាពលរដ្ឋសុទ្ធតែ មិនមែនរស់នៅក្នុងតំបន់នេះឡើយ​។

​នៅក្នុងស្មារតីអង្គប្រជុំនេះដដែល លោកឧកញ៉ាបាន បដិសេធទាំងស្រុង ដោយនៅក្នុងកិច្ចប្រជុំនេះ មិនបាន អនុវត្តតាម ស.ជ.ណ លេខ៨៩ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទើបតែអនុញ្ញាតប្រគល់ឱ្យក្រុមហ៊ុន អភិវឌ្ឍន៍ឡើងវិញក្នុងពេលថ្មីៗនេះ ជាលទ្ធផលបែរជាមន្រ្តីជំនាញទាំងនោះ យក ស.ជ.ណចាស់ លេខ២៣ មកចុះ អនុវត្តទៅវិញ រហូតដល់លោក ចេង ស្រុង យក ស.ជ.ណ ចាស់ មកអាននៅក្នុងអង្គប្រជុំ ដែលធ្វើឱ្យ​ក្រុមហ៊ុនកាន់តែ ទទួលយកលែងបាន។ ​ព្រោះហេតុផលរបស់មន្រ្តីជំនាញ ទាំងនោះ គឺការពុះចិញ្ច្រាំដីរបស់ក្រុមហ៊ុនយកទៅឱ្យពួកឈ្មួញ ខិលខូច​។ ក្នុងនោះលោក ចេង ស្រុង បានបញ្ជាក់ថា ស.ជ.ណចាស់ លេខ២៣ នោះគឺនៅមានសុពលភាព ដោយលោក អះអាងថា ស.ជ.ណ លេខ៨៩ ដែលទើបចេញថ្មី មិនបាននិយាយ ឬទុក ស.ជ.ណ លេខ២៣ចាស់ ទុកជានរាករណ៍ នោះឡើយ​។

​ពាក់ព័ន្ធបញ្ហានេះ លោកឧកញ៉ា ឌី ប៉ូ បានសំណូមពរដល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ និងជួយទប់ស្កាត់ ចំពោះឈ្មួញខិលខូចទាំងនោះ ដើម្បីផ្តល់ឱកាសឱ្យ
ក្រុមហ៊ុនវិនិយោគពេញលេញ នៅលើគម្រោងរបស់ខ្លួន ព្រោះកន្លងមក ក្នុងកំឡុងឆ្នាំ២០០៧ តមក ក្រុមហ៊ុនបាន ដោះស្រាយបញ្ចប់ ជាមួយប្រជាពលរដ្ឋរួចរាល់ហើយ និងជួយ ការពារដីរបស់រដ្ឋផងដែរ។

​តាំងពីពេលនោះមក ក៏គ្មានប្រជាពលរដ្ឋណាមកតវ៉ា ជាមួយក្រុមហ៊ុននោះឡើយ​។ រហូតមកដល់ឆ្នាំ២០១៦មក ក្រុមមន្រ្តីជំនាញរបស់ខេត្ត បាន រៀបចំក្បាលដី និងបានចេញប្លង់ជាន់លើដីក្រុមហ៊ុន ដែល បានដោះស្រាយបញ្ចប់នោះឱ្យទៅប្រជាពលរដ្ឋដែលធ្វើជាខែលបោះដៃទៅឱ្យឈ្មួញខិលខូចទៅវិញ​។

​អ៊ំស្រី ស៊ុន ផល្លី ប្រជាពលរដ្ឋដែលជាអតីតម្ចាស់ បានអះអាងថា ចំណុចដីទួលដៃខ្លានេះ គឺជាដី របស់គាត់ ពិតប្រាកដ ដោយគាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះ និងបានសុំពីអាជ្ញាធរភូមិកំពង់អុស ដែល គាត់ជាអតីតមេភូមិចាស់ និងមានការស្នើសុំទៅដល់មេឃុំផងដែរ​។ ក្នុងនោះសូម្បីលោក ឆោម ឈឿន មេភូមិថ្មី ក៏មានការ ទទួលស្គាល់ថាជាដីរបស់គាត់ផងដែរ​។ អ៊ំស្រីបាន បញ្ជាក់ថា ចំពោះប្រជាពលរដ្ឋ៥គ្រួសារដែលអះអាងថា ជាដីរបស់ខ្លួន ហើយឱ្យមន្រ្តីជំនាញចុះមកវាស់វែងនេះ គឺគ្មានដីនៅត្រង់នេះឡើយ ចំពោះដីរបស់ពួកគេគឺនៅកន្លែងផ្សេងៗ ហើយដី ទាំងនោះក៏បានលក់ឱ្យក្រុមហ៊ុនអស់ហើយផងដែរ​។

​អ៊ំស្រីបាន បញ្ជាក់ទៀតថា ចំណែកដីនេះ គឺគាត់លក់ទៅឱ្យក្រុមហ៊ុនជាយូរណាស់មកហើយ ដូច្នេះចំពោះ ប្រជាពលរដ្ឋទាំង៥គ្រួសារ ដែលបានអះអាងថាជាដីរបស់ខ្លួននោះ គឺកំពុងបំពានយកដីក្រុមហ៊ុននេះជាដីរបស់ខ្លួនហើយ​។ ក្នុងនោះប្រសិនបើក្រុមហ៊ុនមានការប្តឹងផ្តល់ អ៊ំស្រីនឹងធ្វើជាសាក្សីឱ្យជានិច្ច ដើម្បីរកដំស្រាយនេះឱ្យសមហេតុផល​។

​ចំណែកលោកពូ ឆាត ឈិន ជាអតីតម្ចាស់ដីនៅជាប់នេះដែរ បានបញ្ជាក់ថា ដីនៅទីនេះគឺគាត់ស្គាល់ច្បាស់ណាស់ នៅ ពេលដែលគាត់ចាប់ផ្តើមរុករាន្តដីនៅទីនេះដើម្បីធ្វើស្រែ ជាក់ស្តែងដីរបស់គាត់ក៏មានការទទួលស្គាល់ពីមេភូមិ មេឃុំ ផងដែរ។ ក្រោយពីក្រុមហ៊ុនសុំទិញដីនេះ គាត់ក៏បានយល់ ព្រមលក់ទៅឱ្យក្រុមហ៊ុនរួចរាល់ហើយដែរ ចាប់តាំងពីពេលនោះ មករូបគាត់ក៏មិនបានមកតវ៉ាជាដីកម្មសិទ្ធិទៀតឡើយ​។

​ចំពោះលោកអតីតមេភូមិកំពង់អុសចាស់ បានលើកឡើងថា ដីនេះពិតជាដីប្រជាពលរដ្ឋខាងលើពិតប្រាកដ ព្រោះ​កាលរូបលោកនៅជាមេភូមិ គឺបានទទួលស្គាល់ជាដីកម្មសិទ្ធិទី១ ឈ្មោះ ឆាត ឈិន ទី២ ស៊ុន ផល្លី និងទី២ ឈ្មោះ ស៊ុន ទុំ និងបានអនុញ្ញាតឱ្យ​ពួកគាត់រុករាន្តដី ដើម្បីធ្វើស្រែចិញ្ចឹម​ជីវិត​។

​លោកអតីតមេភូមិរូបនេះ បញ្ជាក់ថា ចំពោះប្រជា ពលរដ្ឋ ៥គ្រួសារ ដែលបានយកជំនាញសុរិយោដីមក វាស់វែងនេះ គឺមិនមែនជាដីរបស់ខ្លួននោះឡើយ ដូច្នេះចំពោះប្រជាពលរដ្ឋ ៥គ្រួសារដែលមកនេះ គឺជាការរំលោភបំពាន់ដីរបស់ក្រុមហ៊ុនពិតប្រាកដ ដោយលោកហ៊ានអះអាងចំពោះមុខច្បាប់​។

​ដោយមានបាតុភាពខាងលើនេះ លោកឧកញ៉ា ឌី ប៉ូ ព្រមទាំង លោកជំទាវ និងក្រុមគ្រួសារ កូនចៅទាំងអស់ លើកដៃសំពះសូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខរាជ រដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយ ជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ សូមសម្តេចមេត្តា ជួយរកយុត្តិធម៌ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន ដែលសម្តេចបានអនុញ្ញាតរួចហើយតាមរយៈស.ជ.ណ. លេខ៨៩ កន្លងទៅ​។ ហើយក្រុមហ៊ុនបាននិងកំពុងវិនិយោគ លើគម្រោងកសិកម្មដ៏ធំជាងគេ នៅកម្ពុជា ព្រមទាំងបានចំណាយដើមទុនផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្របសម្រួលដីជាមួយប្រជាពលរដ្ឋ។

​នាឱកាសនោះលោកឧកញ៉ាឌី ប៉ូ និងក្រុមគ្រួសារ "សូមគោរពជូនពរសម្តេច និងក្រុមគ្រួសារឱ្យមានសុខភាពល្អ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខនិងថ្កុំថ្កើនរុងរឿង​ជារៀងរហូត"៕

adverise with khmeread