អគ្គិភ័យឆាបឆេះក្រុមហ៊ុន First Cambodia ជាង២ម៉ោងខូចខាតសម្ភារៈមួយចំនួន

​ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យឆាបឆេះក្រុមហ៊ុន First Cambodia ជាង២ម៉ោង ខូចខាតសម្ភារៈ ពុំបណ្តាលឱ្យមនុស្សរបួសឬស្លាប់នោះទេ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​៧ និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៨៨អឺ២​ផ្លូវលេខ ១៣ កែង១១៨ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

​លោក​ ព្រហ្ម​ យ៉ត​នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋានប៉ូលិស​រាជធានីភ្នំពេញ បានឱ្យដឹងថា​ ទំហំនៃការឆាប់ឆេះនៅមិនអាចវាយតម្លៃបាន នៅឡើយទេ​ ​តែសម្ភារៈ ដែលខូចខាតអាចភាគច្រើនជាគ្រឿងលំអរក្នុងបន្ទប់រួមមាន​ គ្រែ​ ពូក​ ទូដាក់ខោអាវ​ ទូទឹកកក​ កុំព្យូទ័រ​ របស់ក្រុមហ៊ុន និងសម្ភារៈប្រើប្រាស់​ផ្ទាល់ខ្លួនប៉ុណ្ណោះ ​ដោយមិនមានប៉ះពាល់ដល់មនុស្សនោះទេ​។

​លោកបន្តថាក្នុងប្រតិបត្តិការនេះ​លោកបានបញ្ជូន រថយន្តពន្លត់អគ្គិភ័យចំនួន១៣គ្រឿងបានចុះមកដល់កន្លែងកើតហេតុ​ គឺរថយន្តរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ​១២គ្រឿង​ និង​ រថយន្តរបស់ឯកជន ១គ្រឿង​ ដោយប្រើទឹកទាំង១៣គ្រឿងតែម្តង​ ហើយចំពោះការអន្តរាគមន៍ពន្លត់អគ្គិភ័យនេះគឺប្រើរយៈ ពេលជាង២ម៉ោងទើបអាចគ្រប់គ្រងបានឱ្យរលត់ជាស្ថាពរទៅវិញ​៕


adverise with khmeread