ចិត្តអាក្រក់ហួសហេតុ! ទុកអ្នកបម្រើឱ្យដេកក្រៅផ្ទះជាមួយឆ្កែរហូតធ្លាក់ខ្លួនឈឺស្លាប់

ស្រ្តីបម្រើការងារតាមផ្ទះជនជាតិឥណ្ឌូណេស៊ីម្នាក់បានស្លាប់ បន្ទាប់ពីម្ចាស់របស់នាងនៅក្នុងប្រទេសម៉ាឡេស៊ីបានបង្ខំនាងឱ្យដេកក្រៅផ្ទះនៅចំណតឡានក្នុងផ្ទះ សម្រាប់រយៈពេលជាងមួយខែ។ នាងបានស្លាប់កាលពីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ដែលព័ត៌មាននេះត្រូវបានចុះផ្សាយដោយវេបសាយ Today Online ។

អង្គការ Tenaganita ដែលជាក្រុមគាំពារជនចំណាកស្រុកពីការរំលោភបំពាន បាននិយាយថា អ្នកបម្រើតាមផ្ទះចំណាកស្រុករងគ្រោះវ័យ ២១ឆ្នាំរូបនេះ ត្រូវបានបង្ខំឱ្យដេកជាមួយនឹងសុនខប្រភេទ Rottweiler របស់ម្ចាស់ខ្លួន នៅចំណតឡានសម្រាប់រយៈពេលជាងមួយខែ មុនពេលដែលនាងត្រូវបានប្រទះឃើញដោយក្រុមអ្នកសង្គ្រោះ។

អ្នកសង្គ្រោះម្នាក់ឈ្មោះ Por Cheng Han បាននិយាយថា "យើងបានទៅដល់ និងឃើញនាងនៅចំណតឡាន។ នាងមិនបានឆ្លើយតបមកយើងឡើយ និងត្រឹមតែងក់ក្បាលរបស់នាងប៉ុណ្ណោះ។ យើងបាននិយាយជាមួយនឹងអ្នកជិតខាង ដែលពួកគេបានប្រាប់យើងថា ជាញឹកញាប់បានឮម្ចាស់នារីរងគ្រោះ ស្តីបន្ទោសឱ្យនាងខ្លាំងៗនៅក្នុងផ្ទះកើតហេតុ"។

លោក Por បាននិយាយថា ម្តាយរបស់ម្ចាស់នារីរងគ្រោះបានអះអាងថា ពួកគេបានព្យាយាមនាំនាង Adelina ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែស្រ្តីបម្រើរូបនេះបានបដិសេធ។

នារីរងគ្រោះត្រូវបាននាំចេញពីផ្ទះកើតហេតុដោយក្រុមសង្គ្រោះទៅកាន់មន្ទីរពេទ្យ Bukit Mertajam Hospital ជាកន្លែងដែលនាងបានបាត់បង់ជីវិត៕
 

adverise with khmeread