បបួលប៉ូលិសវាយគ្នាព្រោះស្រវឹងមួរម៉ៅប៉ូលិសឃាត់ម៉ូតូពេលខ្លួនជិះបញ្រ្ចាសទិស

​ភ្នំពេញ ៖ បុរសមាឌធំ២នាក់ មកពីផឹកស្រាវិញស្រវឹងទោរទន់ ជិះម៉ូតូឌុបគ្នាបញ្រ្ចាសផ្លូវ នៅរង្វង់មូលវិមានឯករាជ្យ មុខទល់ភូមិគ្រឹះសម្តេចតេជោ ត្រូវបានកម្លាំងចម្រុះឃាត់ តែបែរជាក្អេង ក្អាងអុកឡុកប្រតាយប្រតប់វាយគ្នាជាមួយសមត្ថកិច្ចរបួសជើងម្នាក់​ រហូតត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅអធិការខណ្ឌទាំងយប់នៅវេលាម៉ោង១០ និង ២០នាទីយប់ ថ្ងែទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

​សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ​ទាំង២នាក់ ១ឈ្មោះ ពិសី អាយុ២៩ឆ្នាំ មុខរបរ​រកស៊ី​ និង ២ឈ្មោះ ហេង អាយុ៣០ឆ្នាំ​។

​ប្រភពពីមន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសមាឌធំ ២នាក់ជិះម៉ូតូ មិនចាំម៉ាកមួយគ្រឿង ឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយមហាវិថីសុរាម្រិត បត់ឆ្វេងបញ្រ្ចាសផ្លូវ នៅចំណុចរង្វង់មូលវិមានឯករាជ្យទល់មុខភូមិគ្រិះសម្តេចតេជោ តែត្រូវសមត្ថកិច្ចចម្រុះកំពុងដាក់គោលដៅ អនុវត្តច្បាប់ចរាចរណ៍ធ្វើការឃាត់យកម៉ូតូមកអប់រំណែនាំ​។

​ស្រាប់តែបុរសមាឌធំទាំង២នាក់នោះ ក្អេងក្អាងអុកឡុកបបួលសមត្ថកិច្ចវាយគ្នា ភ្លាមនោះប៉ូលិសអន្តរាគមន៍៤នាក់បានចូលទៅឃាត់ តែបែរជាមិនព្រមស្ដាប់ហើយប្រតាយប្រតប់តដៃជាមួយសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីប៉ូលិស ម្នាក់គ្រេច​ជើង ទើបត្រូវសមត្ថកិច្ចវាយខ្នោះឃាត់ខ្លួនបុរសមាឌធំទាំង២នាក់នោះ នាំឡើងរថយន្ត​។

​ភ្លាមៗនោះ លោក សុខ​ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះមកដល់ រួចបញ្ជាឲ្យកម្លាំងនាំខ្លួនបុរសមាឌធំទាំង ២នាក់នោះបញ្ចូនទៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញ ទាំងយប់តែម្ដង៕

adverise with khmeread