ម៉ូតូ ហុងដា២គ្រឿងបុកគ្នា របួសធ្ងន់ស្រាល៤នាក់

​តាកែវ ៖ មនុស្សប្រុសស្រីចំនួន០៤នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុក និងម៉ូតូ កាលពីវេលាម៉ោង៣ និង៤៥នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០២ ត្រង់ចន្លោះគីឡូម៉ែតលេខ៩៩.១០០ នៅក្នុងភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

​ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញយុវសិស្សចំនួន០៣នាក់ជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2012 ពាក់ស្លាខលេខតាកែវ.1H.3068 បានបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង​។

​ស្រាប់តែមកដល់កន្លែងកើតហេតុក៏ជ្រុលចង្កូតទៅបុក ម៉ូតូហុងដា​C125 ពណ៌ខ្មៅ ឆ្នាំ2016 ដែលជិះដោយបុរសម្នាក់ពីមុខក្នុងទិសដៅស្របគ្នា បណ្តាលឱ្យដួលរងរបួសធ្ងន់ទាំងសង់ខាងតែម្តង​។

​បើតាមសមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោទី១.ឈ្មោះ ម៉ឺន ចន្រ្ទា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សសាលា រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ (នាក់បើកបរ) រងរបួសធ្ងន់ ទី២.ឈ្មោះផន ស្រីស្តើង ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត (នាក់រួមដំណើរ) រងរបួសធ្ងន់ ទី.៣ឈ្មោះ​ តាំង ស្រីលាប ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត រងរបួសស្រាល ទាំង៣នាក់មិនមានពាក់មួកសុវត្ថិភាព​។

​ចំណែកជនរងគ្រោះម្ខាងទៀតមានឈ្មោះ លី ម៉ើ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានជិះម៉ូតូម៉ាកហុងដា c125 ឆ្នាំ2016 ពាក់ស្លាខលេខតាកែវ1L.2358 បានរងរបួសធ្ងន់ មិនមានពាក់មួកសុវត្ថិភាព។

​ក្រោយកើតហេតុជនរងគ្រោះទាំង០៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកទ្រាំង រង់ចាំដោះស្រាយនៅពេលក្រោយ៕

adverise with khmeread