អ្នកគ្រូហុងស៊ុយល្បីល្បាញម្នាក់ចេញមកទាយរឿងរ៉ាវសម្រាប់ "ឆ្នាំចធាតុដី" ឆ្នាំ ២០១៨, មុខជំនួញ ៣ វិស័យនឹងកាក់កបខ្លាំង

ខណៈតារារាស្ដ្រចិនប្តូរទៅឆ្នាំចនៅសប្តាហ៍នេះ ពួកគ្រូហុងស៊ុយហុងកុងបាននាំគ្នាព្យាករណ៍អំពីជោគជតារាសីសម្រាប់មេដឹកនាំពិភពលោក។

យោងតាមពួកគ្រូហុងស៊ុយហុងកុង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកើតក្នុងឆ្នាំច ឆ្នាំ ១៩៤៦ ប្រឈមមុខនឹងសំណាងអាក្រក់ជាច្រើន ព្រោះឆ្នាំចធាតុភ្លើងរបស់គាត់ប្រឆាំងគ្នាជាមួយឆ្នាំចធាតុដី ឆ្នាំ ២០១៨ នេះ។

ហុងស៊ុយ គឺមានន័យថា "ទឹកនិងខ្យល់" មានឥទ្ធិពលយ៉ាងខ្លាំងនៅអាស៊ី កន្លែងដែលមនុស្សកែប្រែជីវិតពួកគេដោយប្រុងប្រយ័ត្នតាមរយៈការដាក់វត្ថុដូចជាដបស្រាឬត្បូងចរណៃនៅក្នុងការិយាល័យ ឬ ផ្ទះសម្បែងដើម្បីបង្កើនសុភមង្គល និងទ្រព្យសម្បត្តិ។

តាមក្បួនហុងស៊ុយ រាល់ព្រឹត្តិការណ៍ទាំងអស់ត្រូវបានបកស្រាយតាមរយៈតុល្យភាពផ្សេងៗគ្នាក្នុងធាតុទាំង៥ដែលបង្កើតចក្រវាល គឺ ធាតុដែក ឈើ ទឹក ភ្លើង និងដី។

ថ្ងៃកំណើតរបស់លោក ត្រាំ បានធ្វើឱ្យគាត់ក្លាយជា "ឆ្កែធាតុភ្លើង" ប៉ុន្តែឆ្នាំ ២០១៨ ជាឆ្នាំ "ឆ្កែធាតុដី" ដែលជាធាតុមិនត្រូវគ្នាឡើយ។

អ្នកគ្រូហុងស៊ុយ Thierry Chow និយាយថា ធាតុភ្លើងក្នុងឆ្នាំកំណើតរបស់លោកត្រាំ នឹងជះឥទ្ធិពលដល់សុខភាពរបស់គាត់ ខណៈពាក្យសម្តីរបស់គាត់ ដែលតំណាងធាតុភ្លើងដែរនោះ អាចនឹងនាំមកនូវ "បញ្ហា និង ផលវិបាកជាក់ស្តែងជាច្រើន"។

អ្នកគ្រូ Thierry Chow បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ធាតុទាំង២មានភ្លើងខ្លាំងពេក និងដីខ្លាំងពេក ដូច្នេះវានឹងធ្វើឱ្យគាត់ជួបអតុល្យភាពទ្រព្យសម្បត្តិ"។

អ្នកគ្រូ Thierry Chow បានប្រើប្រព័ន្ធ "ផ្កាយហោះ" ដើម្បីធ្វើឱ្យការទស្សន៍ទាយរបស់គាត់ផ្អែកលើទីតាំងផ្កាយនីមួយៗ ដោយបានប្រមើលមើលឃើញភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើង ដែលរងឥទ្ធិពលពីផ្កាយស៊យលេខ ៥​។

អ្នកគ្រូ Thierry Chow ក៏បានព្រមានពីហានិភ័យនៃជម្លោះរវាងលោកត្រាំនិងប្រទេសចិនអំពីបញ្ហាពាណិជ្ជកម្មនិងសេដ្ឋកិច្ចផងដែរ។

អ្នកគ្រូនិយាយថា "ផ្កាយទី ៧ កំពុងធ្លាក់ចុះទៅខាងកើត។ ផ្កាយនេះធ្វើឱ្យប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងគ្នា បង្កឱ្យមានការនិយាយដើមគ្នា និងការយល់ច្រឡំ" ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនហុងកុង CLSA បានចេញសន្ទស្សន៍ហុងស៊ុយរបស់ខ្លួន ដោយព្យាករណ៍ពីអ្វីដែលនឹងកើតឡើងក្នុងរយៈពេល ១២ ខែខាងមុខសម្រាប់ពិភពលោក។

ក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះព្យាករណ៍ថា វិស័យទាក់ទងនឹងអ៊ីនធឺណេត ឧបករណ៍ប្រើប្រាស់ និងបច្ចេកវិជ្ជា នឹងរកស៊ីទទួលទានកាក់កបសម្បើមណាស់ ជាពិសេសនឹងឡើងស្រឺតៗខ្លាំងបំផុតនៅចន្លោះខែឧសភា និង កក្កដា។

អ្នកគ្រូហុងស៊ុយបានណែនាំឱ្យពួកអ្នកជំនួញប្រកាន់ខ្ជាប់នូវអតិថិជនស្មោះត្រង់បំផុតរបស់ពួកគេ ហើយពួកវិនិយោគិនមិនគួរចំណាយប្រាក់វិនិយោគច្រើនហួសមត្ថភាពពេកទេ។

ក្រៅពីនយោបាយនិងហិរញ្ញវត្ថុ អ្នកគ្រូហុងស៊ុយ Thierry Chow បានទស្សន៍ទាយឃើញពិធីរៀបអភិសេកដ៏រីករាយសម្រាប់ព្រះអង្គម្ចាស់ Harry របស់អង់គ្លេស និងនាង Meghan Markle នៅខែឧសភាខាងមុខផងដែរ។

ធាតុដីតំណាងឱ្យព្រះមហាក្សត្រនៅក្នុងប្រក្រតិទិនចិន និងការរួមបញ្ចូលគ្នាជាមួយនឹងភ្លើងទៀនអំឡុងខែឧសភាទៀតនោះ ធាតុទាំង ៥ គឺពិតជាស្របគ្នាបំផុតសម្រាប់ការរៀបចំពិធីរៀបការ៕

adverise with khmeread