ឆក់ត្រីភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

​កណ្តាល​ ៖​ មានករណីបុរសម្នាក់ ឆក់ត្រីបណ្តាលឱ្យស្លាប់កើតឡើង​ នាថ្ងៃទី១៨​ កុម្ភៈ ២០១៨ វេលាម៉ោង ៣រសៀល នៅចំណុចបឹងចាក់ក្អែក ភូមិ ព្រែកជ្រៃ ឃុំព្រែក ឬស្សី ស្រុកល្វាឯម​ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចេង សុភ័ណ្ឌ ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជាតិ ខ្មែរ មុខរបរ កសិករ​។ មានទីលំនៅភូមិព្រែកប្រា ​ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។ វត្ថុតាងចាប់យកអាគុយ ៤០ អំពែ ០១គ្រឿង, ដុំ អាំង វ៉ុលទ័រ ០១​ និងដងឬស្សីសម្រាប់ឆក់មួយគូរ។

​ប៉ូលិសបន្តថា​ ដំបូង ជនរងគ្រោះ បានចេញពីផ្ទះ ទៅឆក់ត្រី នៅចំណុចបឹងដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីភូមិដែលនាំ គ្នាចំនួន៣នាក់រួមមានឈ្មោះផេង ចេងត្រូវជាឪពុក​, ឈ្មោះ ហេង សេង ឪពុកមាជនរងគ្រោះ និង ចេង សុភ័ណ្ឌជាជនរងគ្រោះ។

​ពេលទៅដល់ជនរងគ្រោះបានដើរឆក់តែឯង។ ឯឪពុក និងឪពុកមា ទៅរកផ្សេងគ្នា តែក្នុងបឹងតែមួយ។ រកបានមួយស្របក់បានបាត់ជនរងគ្រោះឪពុក និង ឪពុកមាបានដើរ រកជនរងគ្រោះ ហើយបានប្រទះឃើញដងឆក់អណ្តែតលើទឹកក៏ចាប់ទាញយក ទើប​បានរកឃើញឈ្មោះ ចេង សុភ័ណ្ឌ ដួលស្លាប់ ក្នុងទឹកដោយស្ពាយអាគុយនៅជាប់និងខ្នង។ ឪពុកនិងឪពុកមា នាំគ្នាសែងយកសាកសពមកផ្ទះវិញ។

​បន្ទាប់មកលោកមេភូមិបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍​។ កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍ លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យឃុំ បានធ្វើការពិនិត្យសាកសព​ ការពិនិត្យ
សាកសពមានឈាមហូរតាមច្រមុះពោះមានទឹក។

​យោងតាមចម្លើយសាក្សីត្រូវជាឪពុកបង្កើត និង ឪពុកមា អះអាងថាជនរងគ្រោះពិតជាស្លាប់ដោយសារ (ឆក់ត្រី) ប្រាកដមែន។ ចំពោះសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread