ម្ចាស់ឡានដេកលក់​ លួចបូមប្រេងត្រូវបានឃាត់ខ្លួន

​កណ្ដាល​ ៖​ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ប៉ុនប៉ងលួចបូមប្រេងរថយន្តត្រូវបានប៉ូលិសឃាត់ខ្លួននៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ឹ​ង ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរបើកបររថយន្ត​។​ ចំណែកជនសង្ស័យម្នាក់
ឈ្មោះ នាង បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ​​ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរបមិនពិតប្រាកដ (ឃាត់ខ្លួន)។

​វត្ថុតាងចាប់យក ៖១-កាដុងជ័រចំណុះ៣០លីត្រ ០៣មានប្រេងម៉ាស៊ូតប្រហែល​១០លីត្រ និង២-ទុយោជ័រសម្រាប់បូមប្រេង ពណ៌ខៀវប្រវែង២.៥០ម៉ែត្រចំនួន០១។

​ប៉ូលិសបន្តថា​ ខណៈជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងកាប៊ីនរថយន្តរបស់ខ្លួន ដែលវតនៅខាងមុខផ្ទះ ពេលនោះស្រាប់តែឮ សំឡេងសត្វឆ្កែព្រុសក៏ចុះមកមើល ក៏ឃើញជនល្មើសកំពុងឈរនៅក្បែររថយន្តមានកាន់កាដុងជ័រនិងទុយោបម្រុងធ្វើសកម្មភាពលួចបូមប្រេងពីរថយន្ត ឃើញដូចនោះ ក៏បានឃាត់សួរនាំរួចប្រគល់ជូនសមត្តកិច្ចប៉ុស្តិ៍
រដ្ឋបាលដីឥដ្ឋ​។

​នៅចំពោះមុខសមត្តកិច្ច​ ជនល្មើសបានសារភាពថា​ ​ខ្លួនពិតជាបានបូមប្រេងពីរថយន្តរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់ធ្វើសកម្មភាពលួចបូម ប្រេងរបស់គេជាច្រើនលើកមកហើយ និងធ្លាប់ជាប់ពន្ធនាគារទើបនិងចេញ។

​ក្រោយសួរនាំរួចកម្លាំង ប៉ុស្តិ៍បានបញ្ចូនជនល្មើសទៅកាន់អធិការដ្ឋានប៉ូលិស​ស្រុក ដើម្បីបន្តនីតិវិធី៕

adverise with khmeread