Index1

ស្រវឹងស្រា​ជិះ​ម៉ូតូ​ឌឺដង​ដាក់គ្នា​រហូត​បង្ក​ហិង្សា​វាយតប់​គ្នា​តាមផ្លូវ​ឃាត់​៤​នាក់​

   ភ្នំពេញ ៖ បុរស​៤​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ពួកគេ​ផឹកស៊ី​ស្រវឹង ហើយ​បាន​ជិះ​ម៉ូតូ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក​តាមផ្លូវ​សា​ធា​រណៈ រហូត​បង្ក​ជា​ជម្លោះ​វាយតប់​គ្នា ។​

    អំពើហិង្សា​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

    ប៉ូលិស​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ពួកគេ​ភាគី​ទាំងសងខាង​មាន​គ្នា​២​នាក់​ដូចគ្នា ដោយ​ម្ខាង​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង និង​ម្ខាង​ទៀត​ជិះ​ម៉ូតូ​ធំ​មួយគ្រឿង​ឌុប​គ្នា ដោយ​ម្នា​ក់មាន​ស្ថានភាព​ស្រវឹង​ដូចគ្នា ។​

   ខណ​:​ពេល​កំពុងធ្វើដំណើរ​តាមផ្លូវ​ពួកគេ​បាន​ជិះ​ម៉ូតូ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក ហើយក៏​បាន​ជិះ​ម៉ូតូ​ប៉ះគ្នា​បណ្តាលឱ្យ​ដួល​គរ​លើ​គ្នា និង​បាន​បង្ក​ជា​ជម្លោះ​វាយតប​គ្នា​តែម្តង និង​បាន​ចោទ​គ្នា​ថា​បាន​វាយ​ប្លន់​គ្នា​ថែមទៀត បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ឃាត់ខ្លួន​ទាំង​៤​នាក់​តែម្តង ។​

    បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរ​នាំនៅ​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ សមត្ថកិច្ច​បានធ្វើការ​វាស់​ជាតិ​អាកុល ដោយ​ឃើញថា​ពួកគេ​សុទ្ធ​តែមាន​ផ្ទុក​ជាតិ​អាកុល​លើស​កម្រិត​ដូចគ្នា ។​

    តាម​ការសាកសួរ​មិនមែនជា​រឿង​ករណី​ប្លន់​ដូចដែល​ពួកគេ​ចោទ​គ្នា​នោះដែរ គ្រាន់តែ​ជិះ​ម៉ូតូ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក រួច​ក៏​វាយតប់​គ្នា​តែម្តង ។​

    ដោយសារតែ​ភាគី​ទាំងសងខាង​ប្រកែក​យក​ត្រូវ​រៀងខ្លួន និង​អាង​សុទ្ធ​តែមាន​ខ្សែ​ធំៗ​ទៀត​នោះ សមត្ថកិច្ច​សម្រេចយក​អ្នក​ទាំង​៤​ទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

មតិយោបល់