សម្លាប់លើយុវតីសិស្សស្រីអាយុ ១៥ ឆ្នាំក្នុងចម្ការស្វាយចន្ទីទាំងអាក្រាតកាយ

​រតនគិរី ៖ ប្រជាពលរដ្ឋបានចោមរោមមើលសពក្មេងស្រីម្នាក់ ស្លាប់ក្នុងចម្ការស្វាយចន្ទីទាំងអាក្រាតកាយ បន្ទាប់ពីក្មេងស្រីរូបនោះ ទៅរៀនគួរបាត់យូរ សាច់ញាតិក្រុមគ្រួសារដើររកបានប្រទះឃើញ វេលាម៉ោង៩ យប់ថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។

​សមត្ថកិច្ចនិយាយថា​ សពយុវសិស្សស្រីនោះឈ្មោះ ក្វេះ ខា អាយុ១៥ឆ្នាំ ជនជាតិទំពួន មានឪពុកចុងឈ្មោះ សេវ ទាស់ និងម្ដាយបង្កើតឈ្មោះ ខ្វាស់ ខ្ចយ រស់នៅភូមិស៊ូ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី សពក្មេងស្រីជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាភូមិស៊ូ។

​សមត្ថកិច្ចបន្តថា​ ក្មេងស្រីរងគ្រោះត្រូវក្រុមគ្រួសារ រកឃើញសព នៅក្នុងចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ក៏បានរាយការណ៍ជូនសមត្ថកិច្ចនៅវេលាម៉ោង៩ និង០០នាទី យប់ថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៨។

​លោក សេវ ទាស់ ជាឪពុកចុងសពក្មេងស្រី បានរៀបរាប់ឱ្យដឹងថា ជាធម្មតាកូនស្រីគាត់ បានជិះម៉ូតូចេញពីភូមិទៅរៀនគួរនៅទីរួមស្រុកបរកែវ ជារៀងរាល់វេលាម៉ោង៤ល្ងាច ហើយត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៦ព្រលប់។

​ប៉ុន្តែនៅល្ងាចថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០១៨ ជាថ្ងៃកើតហេតុនេះ មុនទៅរៀនកូនស្រីគាត់ (សព) បានប្រាប់ថា គេមិនបានមកផ្ទះវិញទេ ​ពេលចេញពីរៀនគេ (សព) ទៅគេងផ្ទះយាយនៅទីរួមស្រុកបរកែវតែម្ដង។

​លោកបានបន្តថា នៅវេលាម៉ោងប្រមាណជា៧ យប់ថ្ងៃដដែល ប្រពន្ធគាត់ឈ្មោះ ខ្វាស់ ខ្ចយ ត្រូវជាម្ដាយបង្កើតសពក្មេងស្រី បានទូរស័ព្ទទៅសួរម្ដាយនៅទីរួមស្រុក​។ តែម្ដាយគាត់ (យាយសពក្មេងស្រី) បានប្រាប់ថា ចៅគាត់ (សព) ត្រឡប់ទៅវិញយូរហើយ។

​លោក សេវ ទាស់ បានបន្តទៀតថា ក្រោយពីបានដំណឹងនេះភ្លាម គាត់ក៏ជិះម៉ូតូមានគ្នា២នាក់ ដើរបញ្ចាំងពិលរកតាមចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ ខណៈនោះស្រាប់តែឃើញចំណាំងផ្លាតពីស្លាកលេខម៉ូតូ។

​លោកថា គ្រាន់តែស្គាល់ស្លាកលេខម៉ូតូភ្លាម លោកមិនបានចូលទៅមើលទេ គឺគាត់ជិះម៉ូតូទៅប្ដឹងសមត្ថកិច្ចតែម្ដង។

​លុះព្រឹកឡើងថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០១៨ លោក រ៉ាន រ៉ាឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញ ស្នងការនគរបាលខេត្ត ព្រមទាំងគ្រូពេទ្យចុះទៅពិនិត្យធ្វើកោសលវិច័យលើសព ដើម្បីកំណត់មុខសញ្ញា។

​បើតាមមន្ត្រីជំនាញ ខេត្ត បានឱ្យដឹងថា បើមើលទិដ្ឋភាពជំហានដំបូង អាចសន្និដ្ឋានបានថា ជាករណីរំលោភសម្លាប់ ក៏ប៉ុន្តែតាមការធ្វើកោសល្យវិច័យ ឃើញថា សពមានស្នាមវាយបែកច្រមុះខាងស្ដាំ ហើយជនរងគ្រោះស្លាប់ដោយសារច្របាច់ក​។

​ចំណែកការរំលោភសេពសន្ថវៈមិនមានទេ ក៏ប៉ុន្តជនរងគ្រោះបាត់កងដៃដែលមានតម្លៃប្រមាណជា២លានរៀល រីឯម៉ូតូម៉ាកឌ្រីមសង់មិនបាត់បង់ទេ៕

 

adverise with khmeread