គប់គ្រាប់បែកច្នៃចូលផ្ទះលក់ចាប់ហួយសង្ស័យរឿងគំនុំ

​ឧត្តរមានជ័យ ៖ មានករណីឃាតកម្មមិនបានសំរេច១ករណី ដោយគប់គ្រាប់បែកច្នៃ បង្កឡើង​ដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានគប់ចូលផ្ទះលក់ចាប់ហួយនៅយប់ថ្ងៃ​ទី​២២ ខែមិនា ឆ្នាំ២០១៨ ម៉ោង ១០យប់។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ឌី ភិច ភេទប្រុស អាយុ៥៥ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បណ្តាលឱ្យស្រ្តីជាប្រពន្ធឈ្មោះ ជួន ឈុន អាយុ៤៥ ឆ្នាំ រងរបួសស្រាល ដោយដាច់រលាត់ត្រង់កជើង ថ្ងាស់ និងគល់ភ្លៅខាងឆ្វេង ភ្លាមនោះសមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ​។

​ក្រោយទទួលបានព័ត៌មានលោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញខេត្ត និងស្រុក ​ចុះស៊ើបអង្កេតស្រាវជ្រាវកន្លែងកើតហេតុ រកឃើញបំណែកគ្រប់បែកច្នៃកំប៉ុងជាច្រើនបំណែក​។

​លោកឧត្តមសេនីយត្រីស្នងការរង បានបន្ថែមថាឆ្លងតាមការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជុំវិញកន្លែងកើតហេតុពីកម្លាំងជំនាញ និងការបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះ សន្និដ្ឋានថាជារឿងគំនុំ​។

​បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីកំណត់មុខសញ្ញា​៕

adverise with khmeread