វិធីងាយៗទាំង ៨ ជួយឲ្យជំនាញទំនាក់ទំនងកាន់តែប្រសើរ

ទំនាក់ទំនងពិតជាសំខាន់ខ្លាំងណាស់ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសដើម្បីសម្រេចបានជោគជ័យលើការងារ។ ជំនាញទំនាក់ទំនងនេះ មិនចាំបាច់ដល់មានដុងពីកំណើតមកនោះទេ ពោលគឺអ្នកអាចរៀនបានដោយការអនុវត្តជាប្រចាំ។ សម្ថតភាពទំនាក់ទំនងគឺជាផ្នែកមួយនៃជំនាញទន់។ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអ្នកអាចអនុវត្តបានរាល់ថ្ងៃ ដើម្បីឲ្យជំនាញទំនាក់ទំនងកាន់តែប្រសើរឡើង។

០១ ស្តាប់

ការស្តាប់ ពិតជាសំខាន់ខ្លាំងណាស់នៅក្នុងទំនាក់ទំនង។ ការស្តាប់បង្ហាញអំពីការយកចិត្តទុកដាក់ចំពោះអ្នកដទៃ នៅពេលដែលគេនិយាយអ្វីមួយប្រាប់អ្នក។ ការស្តាប់អ្នកដទៃដោយយកចិត្តទុកដាក់បង្ហាញអំពីអំពីការគោរពចំពោះពួកគេ ជាពិសេសចំពោះខ្លឹមសារដែលពួកគេបាននិយាយប្រាប់អ្នក។ អ្នកត្រូវស្តាប់គេឲ្យចប់សេចក្តី មុននឹងបង្អាក់ពួកគេ ពេលកំពុងតែនិយាយ។

០២ ចៀសវាងនិយាយរដិបរដុប

ការនិយាយដោយរដិបរដុប មិនអាចឲ្យទំនាក់ទំនងរីកចម្រើនបានច្រើននោះឡើយ។ អ្នកគួរចៀសវាងប្រើប្រាស់ពាក្យដូចជា អឺៗ អឺម ជាដើម។ អ្នកត្រូវនិយាយពាក្យមួយៗ ច្បាស់លាស់ ដែលអ្នកស្តាប់អាចយល់បានដោយងាយ។ ធ្វើយ៉ាងម៉េចទៅ បើទម្លាប់ខ្ញុំនិយាយរដិបរដុបបែបនេះយូរមកហើយ? មិនលំបាកនោះទេ អ្នកត្រូវតែហ្វឹកហាត់រាល់ថ្ងៃ យ៉ាងហោចណាស់ ៣០នាទី ដើម្បីរៀននិយាយពាក្យឫឃ្លាប្រយោគមួយៗ និងយឺតៗ។ ជាពិសេស នៅក្នុងការនិយាយប្រចាំថ្ងៃរបស់អ្នក អ្នកត្រូវតែអនុវត្តនិយាយមួយៗឲ្យបានទៀងទាត់។ ធ្វើដូចនេះ រាល់ថ្ងៃ យូរៗទៅអ្នកនឹងអាចកាត់បន្ថយភាពរដិបរដុបបានបន្តិចម្តងៗ ហើយអ្នកនឹងអាចក្លាយជាបុគ្គលដែលមានសម្ថតភាពទំនាក់ទំនងល្អកាន់តែខ្លាំងឡើង។

០៣ ភាសាកាយវិការ

ភាសាកាយវិការ ជាទំនាក់ទំនងដោយមិនប្រើពាក្យសម្តី ពោលគឺការសម្តែងឥវិយាបទរបស់អ្នកដោយបង្ហាញការគោរពនិងការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ប្រសិនបើអ្នកដទៃកំពុងនិយាយអ្វីមួយប្រាប់អ្នក តែអ្នកឆ្លើយថារឿងរ៉ាវទាំងនោះល្អណាស់ គួរឲ្យចាប់អារម្មណ៍ណាស់ ខណៈអ្នកកំពុងលេងបណ្តាញសង្គម នោះមានន័យថា សម្តីរបស់អ្នក មិនដូចកាយវិការ នោះទេ។ ហេតុនេះ បើគេនិយាយអ្វីមួយ អ្នកត្រូវសម្តែងកាយវិការដោយយកចិត្តទុកដាក់ស្តាប់ផងដែរ ពោលគឺបង្ហាញការចាប់អារម្មណ៍ទាំងសម្តីនិងកាយវិការ។

០៤ ប្រើកែវភ្នែក

នៅពេលស្តាប់នរណាម្នាក់និយាយអំពីអ្វីមួយ អ្នកត្រូវតែប្រើកែវភ្នែករបស់អ្នកសម្លឹងមើលកែវភ្នែកអ្នកនិយាយនោះ ដោយយកចិត្តទុកដាក់។ ប្រើកែវភ្នែក ដើម្បីបង្ហាញថាអ្នកចូលចិត្តស្តាប់នូវអ្វីដែលគេនិយាយ។ ប្រសិនបើគេប្រាប់អ្នកអំពីអ្វីមួយ តែអ្នកបែរជាសម្លឹងមើលអ្វីផ្សេងនោះ វាហាក់ដូចជាមិនសមសោះឡើយ។ វាមិនបានបង្ហាញអំពីការគោរពរបស់អ្នក ចំពោះអ្នកនិយាយនោះទេ។ នេះមិនមែនមានន័យថា ឲ្យអ្នកត្រូវតែសម្លឹងអ្នកដទៃដោយមិនដាក់ភ្នែកនោះឡើយ។ ហេតុនេះអ្នកត្រូវប្រើកែវភ្នែក ដោយការគោរពចំពោះអ្នកនិយាយឲ្យបានសមរម្យ។

០៥ បង្ហាញការគោរព

អ្នកត្រូវប្រើពាក្យបង្ហាញការគោរពដល់មនុស្សឲ្យបានស្មើគ្នា។ គោលការណ៍សំខាន់ជាងគេនោះ គឺកុំនិយាយអួតខ្លួនឯង ឲ្យលើសអ្នកដទៃ។ មិនមានមនុស្សច្រើននោះឡើយ ដែលចូលចិត្តបុគ្គលដែលមានអំនួតខ្លាំង។ អ្នកត្រូវនិយាយពាក្យណាដែលអាចទុកចិត្តបាន ហើយត្រូវចៀសវាងនិយាយអ្វីដែលអាចនឹងមើលងាយអ្នកដទៃ។ ហេតុនេះមុននឹងនិយាយអ្វី អ្នកត្រូវចេះដាក់ខ្លួន។

០៦ ចេះសួរ

ប្រសិនបើអ្នកស្តាប់គេនិយាយ តែមិនមានសួរសំណួរ ឫ មតិយោបល់អ្វីនោះទេ មានន័យថា អ្នកស្តាប់ដោយយកគួរតែប៉ុណ្ណោះ ដោយមិនខ្វល់ខ្វាយនឹងខ្លឹមសារនោះឡើយ។ ដូចនេះ វាអាចនឹងក្លាយជារឿងកាន់តែល្អថែមទៀត បើអ្នកស្តាប់ដោយការយកចិត្តទុកដាក់ រួមទាំងមានសំណួរសួរបញ្ជាក់។ ការសួរបញ្ជាក់បន្ថែម បង្ហាញអំពីការស្តាប់ដោយចង់ដឹងនិងចង់យល់។ ឥរិយាបទនេះ បានធ្វើឲ្យអ្នកនិយាយ យល់ថាគេមានតម្លៃនិងទទួលបានការគោរពពីអ្នក។

០៧ បង្ហាញឲ្យត្រូវចំណុច

បើទោះជាអ្នកមានសំឡេងខ្លាំងក៏ដោយ ជួនកាលវាមិនបានជួយឲ្យទំនាក់ទំនងប្រសើរនោះឡើយ។ មុននឹងនិយាយអំពីប្រធានបទអ្វីមួយ អ្នកត្រូវនិយាយឲ្យចំប្រធានបទនោះ កុំនិយាយប្រធានបទច្រើនក្នុងពេលតែមួយ។ ការនិយាយច្រើនខុសប្រធានបទ អាចឲ្យអ្នកស្តាប់គិតថា ចំណេះដឹងរបស់អ្នកនៅខ្សោយ។ ដូចនេះ គួរនិយាយខ្លីតែខ្លឹម ជាជាងនិយាយច្រើន តែឥតន័យ។

adverise with khmeread