Nokia យកទូរស័ព្ទតាំងពីទសវត្សរ៍ ១៩៩០ មកផលិតឡើងវិញ រហស្សនាម "ទូរស័ព្ទចេក"

ដើម្បីស្វែងរកប្រាក់ចំណេញពីការត្រឡប់មកវិញរបស់ពួកគេកាលពីឆ្នាំមុន ក្រុមហ៊ុនផលិតទូរស័ព្ទ Nokia កំពុងពង្រីកខ្លួនដោយបញ្ចូលនូវស្មាតហ្វូន Android លើកដំបូងរបស់ខ្លួន និងផលិតឡើងវិញម្តងទៀតនូវទូរស័ព្ទល្បីល្បាញបំផុតក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ គឺទូរស័ព្ទ 8110 "ហូតចុះឡើង" ។

លោក Juho Sarvikas ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន HMD Global ដែលជាអ្នកទទួលអាជ្ញាបណ្ណយីហោក្រុមហ៊ុន Nokia បាននិយាយថា "ថ្ងៃនេះទូរស័ព្ទនិមិត្តរូបមួយទៀតបានរស់ឡើងវិញ ហើយផ្អែកទៅលើតម្រូវការដ៏ពេញនិយម ក្នុងប្រព័ន្ធ 4G"។

ម៉ូដែលទសវត្សរ៍ឆ្នាំ ១៩៩០ នេះមាន២ពណ៌ គឺពណ៌ខ្មៅ ឬ ពណ៌លឿងដូចចេក ជាមួយក្តារចុចរាងកោងរហូតអ្នកខ្លះហៅវាថា "ទូរស័ព្ទចេក" ។

ដូចទូរស័ព្ទដើមរបស់វាដែរ ទូរស័ព្ទ 8110 ថ្មីនេះមានរាងកោង និងភ្ជាប់មកជាមួយគម្របក្តារចុច ដែលអាចហូតចុះឡើងបាន និងប្រើដើម្បីដោះសោទូរស័ព្ទឬលើកទូរស័ព្ទ។ វាជាទូរស័ព្ទធម្មតាមួយប៉ុណ្ណោះ មានន័យថា វាមានកម្មវិធីតូចៗមួយចំនួន ដូចជា Google Assistant, Google Maps និង Facebook ប៉ុន្តែមិនមានកម្មវិធី WhatsApp, Twitter ឬ Snapchat ទេ។

យោងតាមក្រុមហ៊ុន HMD Global បានឱ្យដឹងថា ទូរស័ព្ទ 4G នេះនឹងមានតម្លៃ ៩៧ ដុល្លារអាមេរិក នៅពេលចេញលក់នៅខែឧសភាខាងមុខនេះ។

ក្រៅពីទូរស័ព្ទស៊េរីថ្មី 8110 ក្រុមហ៊ុនក៏បានប្រកាសចេញទូរស័ព្ទស៊េរីថ្មីមួយចំនួនទៀតផងដែររួមមាន Nokia 1 ទើបមកដល់ថ្មី Nokia 7 Plus និង Nokia 6 ស៊េរីថ្មី៕

adverise with khmeread