ឃាត់និស្សិតផ្នែក IT ម្នាក់បន្លំលួចកាបូប​លុយរបស់អ្នកលក់ចាប់ហួយ

​ភ្នំពេញ ៖ និស្សិតផ្នែកITម្នាក់ បានធ្វើសកម្មភាពបន្លំលួចកាបូប​លុយរបស់អ្នកលក់ចាប់ហួយម្នាក់ ដែលមានលុយក្នុងកាបូបសរុបជាង ១០០០ ដុល្លារ បានសម្រេច ព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវបានប៉ូលិសឃាត់ខ្លួននៅម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ៥ ផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ខណៈជនរងគ្រោះដេញតាមពីក្រោយ ទើបប្រគល់ជនសង្ស័យឱ្យប៉ូលិសប៉ុស្តិ៍ផ្សារដើមថ្កូវដើម្បីសាកសួរបន្ត។

​ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យឈ្មោះ លីម គីមហេង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ផ្នែកIT នៅវិទ្យាស្ថានស៊ីតិច ស្នាក់នៅក្នុង ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដកហូតបាន ម៉ូតូម៉ាក ធូដេ ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CV9987 ដែលជិះមកធ្វើសកម្មភាព១​គ្រឿង រួមនិងកាបូបលុយរបស់ជនរងគ្រោះចំនួន១ ដែលមានលុយនៅខាងក្នុងសរុបទាំងលុយខ្មែរ និងដុល្លារ ចំនួនជាង១០០០ដុល្លារ។

​ចំណែក នារីរងគ្រោះឈ្មោះ លីម ស្រីស្រស់ អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ និយាយថា​ ដំបូងគាត់កំពុងតែលក់ចាប់ហួយនៅផ្ទះដូចសព្វដង​។ ខណៈនោះស្រាប់តែមានជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក ធូដេ ពណ៌សលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CV9987 បានមកបន្លំធ្វើជាទិញថ្នាំដុសធ្មេញ​។

​ខណៈដែលជនរងគ្រោះកំពុងដើរទៅយកថ្នាំដុសធ្មេញ ដោយបានទុកកាបូបលុយដែលមានលុយខ្មែរនិងដុល្លារ ជាង១០០០ដុល្លារ ទុកនៅលើតុខាងក្នុងផ្ទះដែល​ជាកន្លែង​លក់ដូរនោះ​។

​ស្រាប់តែជនសង្ស័យរូបនេះ បានឆ្លៀតឱកាស ចូលទៅលួចយកកាបូបលុយរបស់នារីរង​គ្រោះបានសម្រេច ដាក់ក្នុងកែបម៉ូតូរួចប្រញាប់ជិះម៉ូតូរត់គេចខ្លួនឆ្ពោះទៅច្បារអំពៅ​។

​ភ្លាមៗនោះនារីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ឌុបក្មួយស្រីម្នាក់ទៀតនៅខាងក្រោយ ដេញតាមពីក្រោយជនសង្ស័យ លុះដល់ចំណុចស្តុបច្រមុះជ្រូកក្បាលថ្នល់ ដោយសារតែជនសង្ស័យ​ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ក៏ត្រូវប៉ូលិសចរាចរណ៍ដែលឈរនៅគោលដៅខាងលើ ឃាត់ខ្លួនតែម្តង​។

​នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាបូបលុយ​របស់នារីរងគ្រោះ​ពិតមែន។

​បច្ចុប្បន្នជនសង្ស័យខាងលើ បានឃាត់ខ្លួននៅប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋានខណ្ឌចំការមន ចាត់ការបន្ត៕

 

adverise with khmeread