ក្រុមជាងចម្លាក់ផឹកស៊ីឈ្លោះវាយគ្នានឹងដំបងដេកពេទ្យម្នាក់,​ ជាប់ខ្នោះម្នាក់

ភ្នំពេញ​ ៖​ មានករណីប្រើអំពើហិង្សាដោយចេតនា យកដំបងឬស្សីវាយបណ្តាលឲ្យរបួសធ្ងន់កើតឡើង នៅថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង០១អធ្រាត្រ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហួត ប៉េងគ្រី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

​ចំណែក ជនសង្ស័យឈ្មោះ សុង ដារិទ្ធ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងចម្លាក់ ស្នាក់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

​ប៉ូលិសបន្តថា ជនសង្ស័យ និងជាងចម្លាក់ផ្សេងទៀតបាននាំគ្នាផឹកស៊ីនៅចំណុចកើតហេតុខាងលើ​។ បន្ទាប់ មកជនសង្ស័យក៏បានឈ្លោះប្រកែកជាមួយប្អូនជនរងគ្រោះ​។ ពេលនោះក៏មានគេទាក់ទងប្រាប់មេការឱ្យមកជួយសម្របសម្រួល។

​រហូតដល់ម៉ាង០១ ឈានចូលថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៨ មេការក៏ហៅជនសង្ស័យ និងជាងចម្លាក់ទាំងអស់មកសួរ​។ ពេលនោះជនសង្ស័យក៏ទាស់សម្តីជាមួយជនរងគ្រោះ រួចជនសង្ស័យក៏យកដំបងឬស្សីប្រវែង០.៨០ម៉ែត្រប៉ុនកំភួនដៃ វាយទៅលើជនរងគ្រោះចំសៀតថ្កាខាងស្តាំ បណ្តាលឲ្យសន្លប់បាត់ស្មារតី រួចមេការក៏ឃាត់ខ្លួនជនសង្ស័យ រួម​និងវត្ថុតាងយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ព្រែកថ្មី ចាត់ការតាមច្បាប់។

​ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិនាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ សុង ដារិទ្ធ​ ធ្លាប់ ប្រើប្រាស់គ្រឿងញៀនរយៈពេល ០២ ឆ្នាំ៕

adverise with khmeread