adverise with khmeread Help3

ប្រតិភូ២ក្រុមទស្សន:កិច្ចសិក្សានៅតំបន់អភិវឌ្ឍន៍ កសិកម្ម​សុខ​សែន​ជ័យ

    កណ្តាល ៖ គណ:ប្រតិភូខេត្តក្វាងស៊ីប្រទេសចិននិងគណ:ប្រតិភូអង្គការផលិតភាពអាស៊ី(APO)កាលពីព្រឹកថ្ងៃទី៨ធ្នូឆ្នាំ២០១៥ បានធ្វើទស្សនកិច្ចសិក្សាដាច់ដោយឡែកពីគ្នានៅតំបន់អភិវឌ្ឍន៍កសិកម្ម​សុខ​សែន​ជ័យ នៃ​ក្រុមហ៊ុនអេង ឌី​ប៉ូ អភិវឌ្ឍន៍ស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីស្វែងយល់សក្តានុពលក្នុងការផលិតស្រូវក្រអូបបែបធម្មជាតិពណ៍បៃតង ដើម្បីនាំចេញទៅលក់បរទេស។
     គណ:ប្រតិភូទីមួយដឹកនាំដោយលោកបណ្ឌិតGuan Yue Qing នាយកលេខាធិកានៃគណ:កម្មាធិការបក្សខេត្តក្វាងស៊ី នៃ ប្រទេសចិនដែលមានសមាជិកជាច្រើនរូបបានធ្វើទស្សនកិច្ចផ្លូវការនៅក្នុងតំបន់អភិវឌ្ឍន៍ ដោយមានលោកឧកញ៉ា អេង ឌីប៉ូ អគ្គនាយកក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ និង លោកគីមហេង អ្នកចាត់ការទូទៅក្រុមហ៊ុន ចង្អុលបង្ហាញនិងណែនាំភ្ញៀវអំពីកាផលិតស្រូវក្រអូបតាមបែបធម្មជាតិពណ៍បៃតង។
     លោកគីម ហេង បានបញ្ជាក់ថា ថ្ងៃនេះក្រុមហ៊ុនរបស់លោកមានកិត្តិយសដោយមានគណ:ប្រតិភូមកពីខេត្តក្វាងស៊ីប្រទេសចិនមកទស្សនាទីនេះ ដើម្បីផ្តោតការយក​ចិត្តទុកដាក់លើវិស័យកសិកម្ម ពិសេសដំណាំស្រូវក្រអូបបែបធម្មជាតិ នេះហើយទើបក្រុមហ៊ុនមកពីប្រទេសចិនបានចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់លោក។លោកគីន ហេងបន្តថា តំបន់នេះបានអភិវឌ្ឍន៍រយ:ពេល ១០ឆ្នាំមកហើយ ជាទូទៅការផលិតបានចំនួនប្រហែល៣៥០០តោនលើផ្ទៃដី ៧៧៥ហិកតាក្នុងមួយឆ្នាំ ។
        លោកGuan Yue Qingមានប្រសាសន៍ថា "បន្ទាប់ពីបានពិនិត្យសកម្មភាពនៅតំបន់អភិវឌ្ឍន៍កសិកម្ម​សុខ​សែន​ជ័យពេញមួយព្រឹក លោកយល់ថាលោកឧកញ៉ាអេង ឌីប៉ូនិងសហការី បានអនុវត្តតាមទិសដៅតាមជំហានៗដែលយើងត្រូវដើរបានយ៉ាងល្អប្រសើរ។កាលពីឆ្នាំមុនប្រតិភូរបស់លោកបានមកពិនិត្យសមិទ្ធផលម្តងហើយ ហើយលើកនេះកាន់តែរំភើបយ៉ាងខ្លាំង ដោយសារការខិតខំរបស់ក្រុមហ៊ុនទាំងពីរ"។
    លោកអះអាងថា ក្រុមហ៊ុនទាំងពីរនឹងសហការឲ្យបានកាន់តែប្រសើរ ដោយហេតុថា ក្រុមហ៊ុនអេង ឌីប៉ូបានផលិតស្រូវក្រអូបតាមបែបធម្មជាតិមិនប្រើជាតិគីមី ហើយលោកសង្ឃឹមថា ការសហការនេះមិនត្រឹមតែលក់នៅទីផ្សារប្រទេសចិននោះទេ នៅថ្ងៃអនាគតយើងនឹងលក់នៅលើទីផ្សារពិភពលោកតែម្តង។
    សូមបញ្ជាក់ថា ទោះបីមានទឹកទន្លេតូច តែក្រុមហ៊ុនអេង ឌីប៉ូបានត្រៀមទឹកដែលបានស្តុកទុករាប់លានម៉ែត្រគូបអាចស្រោចស្រពលើផ្ទៃដីក្រុមហ៊ុនចំនួន១៦៩០ហិកតានិងដីប្រជាពលរដ្ឋនៅជុំវិញប្រមាណជាង២ពាន់ហិកតាទៀត ។ ដូចពាក្យ ចាស់ពោលថា"ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ"ក្រុមហ៊ុនបានអនុវត្តឈានចូលឆ្នាំទី៧ប្រកបដោយជោគជ័យ។កាលពីឆ្នាំ២០១៤ក្រុមហ៊ុនធ្វើស្រូវបាន២ដងដោយអនុវត្តបានជាង៨០០ហិកតា ហើយនៅឆ្នាំ២០១៥នេះលោករំពឹងថា ក្រុមហ៊ុនអាចនឹងអនុវត្តបានជាង៩០០ហិកតាតាមការគ្រោងទុក។
      គណ:ប្រតិភូទីពីរ ជាក្រុមនិស្សិតនិងមន្ត្រីរបស់អង្គការផលិតភាពអាស៊ី (APO)ចំនួន​៨០នាក់ដឹកនាំដោយលោកបេន ណាដូ ប្រធានអង្គការAPOដើម្បីសិក្សានៅតំបន់អភិវឌ្ឍន៍កសិកម្ម​សុខ​សែន​ជ័យ ដោយមានលោកតាំង សុខយី តំណាងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ជាអ្នកធ្វើបទបង្ហាញស្ដីពី"វិស័យកសិកម្មក្នុងអង្គសន្និសិទថ្នាក់ជាតិ ស្ដីពីការពង្រឹងតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយ ពីការថ្នៃប្រឌិត និងការចែករំលែកចំណេះដឹង សម្រាប់បង្កើនផលិតភាព និងការប្រកួតប្រជែងវិស័យស្រូវអង្ករនៅកម្ពុជា"។
     លោក តាំង សុខឃី មានប្រសាសន៍ថា អំពីសកម្មភាពផលិតកម្មដំណាំស្រូវរបស់ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍យោងតាមសក្ដានុពលសម្រាប់បង្កើនផលិតផលស្រូវ ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា និងតម្រូវការអង្ករក្នុងពិភពលោក ដូចបានបញ្ជាក់ជូនខាងលើជាពិសេស ដើម្បី​ប្រែ​ក្លាយអង្ករឲ្យទៅជាមាស.សពិតប្រាកដរបស់ប្រទេសកម្ពុជានោះ ទើបក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ចាប់ផ្ដើមវិនិយោគវិស័យកសិកម្ម ដោយទទួលបានគោលការណ៍ពី​រាជរដ្ឋា​​ភិបាលសម្រេចយល់ព្រមឲ្យក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ អភិវឌ្ឍន៍វិស័យកសិកម្ម​ដំណាំស្រូវលើផ្ទៃដីទំហំ ១៦៩០ហិកតាស្ថិតនៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល​ កាលពីថ្ងៃទី ២១​ វិច្ឆិកា ឆ្នាំ២០០៦។
     លោកតាំង សុខឃី បន្តថា ក្រោយពីទទួលបានគោលការណ៍ពីរាជារដ្ឋាភិបាល​ ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍បានចុះមករៀបចំស្ដារដីស្រែ រៀបចំប្រព័ន្ធធារាសាស្រ្តឲ្យ​បានត្រឹមត្រូវទៅតាមស្ថានភាពដី ព្រោះតំបន់នេះក្នុងរដូវវស្សា ទឹកទន្លេជន់លិច មិនអាច​ធ្វើការដាំដុះស្រូវរដូវវស្សាបានឡើយ ដោយផលិតស្រូវបានតែក្នុងរដូវប្រាំង ទើបក្រុមហ៊ុន​រៀបចំអាងស្តុកទឹក ប្រព័ន្ធធារាសាស្រ្ត ប្រឡាយមេ ឲ្យបានរឹងមាំ ដើម្បីធានាឲ្យមានទឹក​គ្រប់គ្រាន់ក្នុងការស្រោចស្រពដីស្រែប្រាំង ទាំងក្នុងតំបន់អភិវឌ្ឍន៍ និងដីស្រែរបស់​សហគមន៍ ប្រជាកសិករ ស្ថិតនៅជាប់នឹងដីស្រែរបស់ក្រុមហ៊ុន ដោយមិនឲ្យពួកគាត់ភ័យ​ព្រួយ កង្វះខាតទឹក ស្ដុកស្រូវពួកគាត់ឡើយ។
      រដូវប្រាំងឆ្នាំ ២០០៩-២០១០ ក្រុមហ៊ុន​បានចាប់ផ្ដើមផលិតស្រូវ លើផ្ទៃដីទំហំ ៣១៥ហិកតា ទទួលបានទិន្នផលពី ៤ តោនទៅ ៥ តោនក្នុងមួយហិកតា ហើយចាប់ពីរដូវប្រាំឆ្នាំ ២០១០-២០១១ រហូតមកដល់ពេល​នេះ ទាំងផ្ទៃដីដាំដុះក្នុងការកសាងប្រព័ន្ធធារាសាស្ត្រ និងទទួលបានបទពិសោធន៍កាន់​តែ​ច្រើននូវបច្ចេកទេសបង្កើនផលិតផលដំណាស្រូវ តាមរយៈការគ្រប់គ្រង និងការ​ប្រើប្រាស់ពូជ ទឹក និងការថែទាំបានយ៉ាងត្រឹមត្រូវ៕

adverise with khmeread

មតិយោបល់