1

​លោក Louis van Gaal ព្រួយបារម្ភ​បាត់បង់​ការងារ​ប្រសិនបើ​ចាញ់ Shrewsbury យប់​នេះ

​គ្រូបង្វឹក​បិសាច​ក្រហម​លោក Van Gaal ទទួលស្គាល់ថា Manchester United ត្រូវតែ​បំបាក់​ក្រុម Shrewsbury ក្នុង​យប់​ថ្ងៃ​ចន្ទ​នេះ ស្រប​ពេលដែល​គាត់​កំពុង​ព្យាយាម​សង្គ្រោះ​ការងារ​របស់គាត់ និង​បាន​ព្រមាន​កូនក្រុម​របស់គាត់​ថា ពួកគេ "​មិនអាច​បន្ត​ការ​ចាញ់​ទៀត​ទេ​"​។​

​ការ​ចាញ់​បី​លើក​ជាប់​គ្នា​នៅពេលដែល​ក្រុម​របស់លោក Van Gaal ធ្វើដំណើរ​ទៅ​ជួប​ក្រុម​កំពុង​យ៉ាប់យ៉ឺន​មកពី​ក្របខ័ណ្ឌ League One មួយ​នេះ​ក្នុងការ​ប្រកួត FA Cup អាច​នឹងដាក់​សម្ពាធ​ដល់​លោក Ed Woodward កាន់តែខ្លាំង​ដើម្បី​ធ្វើការ​សម្រេចចិត្ត​ផ្លាស់ប្តូរ​នៅ​ទឹកដី Old Trafford​។​

​លោក Woodward បានបង្ហាញ​ភាពស្មោះត្រង់​និង​ការអត់ធ្មត់​ជាច្រើន​ចំពោះ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ ដោយ​គាត់​គិតថា គាត់​មិន​ចង់​បណ្តេញ​គ្រូបង្វឹក​ណាមួយ​ទៀតឡើយ​នៅ​ពាក់កណ្តាល​រដូវ​កាល​នេះ​។​

​ប៉ុន្តែ​បន្ទាប់ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​ឆ្មា​ខ្មៅ Sunderland និង​ក្រុម​បទពិសោធន៍​ថ្មីថ្មោង Midtjylland របស់​ដា​ណឺ​ម៉ាក​ក្នុង​ក្របខ័ណ្ឌ Europa League កន្លងទៅ ដូច្នេះ​ប្រសិនបើ​បរាជ័យ​ក្រោម​ស្នាដៃ Shrewsbury យើង​អាច​នឹង​ឃើញ​ដំណោះស្រាយ​របស់លោក Woodward ហើយ​។​

​លោក Louis van Gaal បាន​និយាយថា "​អ្នក​មិនអាច​បន្ត​ការ​ចាញ់​ការប្រកួត​ទៀត​ទេ​។ អ្នក​ត្រូវតែ​មើល​ការប្រកួត​នេះ​ជាការ​ប្រកួត​ដែល​ត្រូវតែ​ឈ្នះ​ដាច់ខាត​។ ថ្ងៃ​ចន្ទ​នេះ យើង​ត្រូវតែ​ឈ្នះ​! ប្រសិនបើ​យើង​ឈ្នះ យើង​នឹង​ស្ថិតនៅ​ជុំ​បន្ទាប់​និង​អាច​នឹងមាន​សមត្ថភាព​ឈ្នះ​ពាន FA Cup ទៀតផង​"​។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រសិនបើ​ក្រុម​បិសាច​ក្រហម Manchester United ពិតជា​យកឈ្នះ​លើ​ក្រុម Shrewsbury យប់​នេះ​ពិតមែន ពួកគេ​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​ក្រុម West Ham ក្នុង​ទឹកដី​របស់ខ្លួន ក្នុងការ​ប្រកួត FA Cup ជុំ​ទី​ប្រាំមួយ​៕

ប្រភព៖ ដេលីមែល

មតិយោបល់