ទម្លាប់អាក្រក់ ៦ យ៉ាង ធ្វើឱ្យឡានឆាប់ខូច ហើយចំណាយច្រើនលើការជួសជុល

រថយន្តជាមធ្យោបាយធ្វើដំណើរសំខាន់ណាស់សម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់អ្នកដែលមានធនធានមធ្យមឬក្រោមមធ្យម ដូច្នេះហើយ បើកាលណារថយន្តតែមួយគត់របស់ខ្លួនឧស្សាហ៍ខូចទៀតនោះ ចំណូលប៉ុន្មានក៏ត្រូវស្រកចុះដែរ។ រថយន្តដែលឧស្សាហ៍ខូចអាចកើតឡើងដោយសារកត្តាច្រើន ដូចជា រថយន្តចាស់ ឬ ខ្វះការថែទាំជាដើម ប៉ុន្តែគេមិនដែលចាប់អារម្មណ៍ទេថា ទម្លាប់អាក្រក់របស់អ្នកបើកបរ គឺជាកត្តាសំខាន់ជាងគេ បណ្តាលឱ្យរថយន្តឆាប់ខូច។

១. ចូលចិត្តដាក់ដៃលើចង្កឹះលេខ
ដាក់ដៃសង្កត់លើចង្កឹះលេខ បណ្តាលឱ្យស្ពឺចង្កឹះលេខរំកិលខុសកាំ ងាយនឹងធ្វើឱ្យមានបញ្ហាក្នុងប្រអប់លេខ។ ហើយពេលនៅសុខៗស្រាប់តែហុយផ្សែងជុច ចេញពីម៉ាស៊ីន កុំឆ្ងល់អី គឺបណ្តាលមកពីយើងដាក់ដៃសង្កត់ធ្ងន់យូរពេកលើចង្កឹះលេខនេះឯង។

២. ចាក់បំពេញប្រេងឥន្ធនៈពេលជិតអស់ពីធុង
ជាធម្មតា ពេលធុងប្រេងជិតអស់សាំងឬម៉ាស៊ូត គឺវាសម្បូរធូលីដីខ្លាំងណាស់ ហើយពេលធូលីដីជ្រៀតចូលរ៉ង និងបូម វានឹងធ្វើឱ្យម៉ាស៊ីនឆាប់ខូច។ ត្រូវប្រាកដថា ធុងមានប្រេងយ៉ាងតិចក៏ជិតពាក់កណ្តាលដែរ កុំឱ្យអស់រលីងឱ្យសោះ។

៣. ឧស្សាហ៍ជាន់ហ្វ្រាំងពេក
ជាន់ហ្វ្រាំងញឹកញាប់ពេក ក៏មិនល្អដែរ ព្រោះវាបណ្តាលឱ្យក្តៅកង់ ឆាប់ខូច។ ហើយពេលជាន់ហ្វ្រាំងឱ្យឈប់ង៉ក់ភ្លាមនោះ គួរបន្ធូរបន្តិចសិន សឹមជាន់វាឱ្យនឹងថ្កល់។ ហើយកុំភ្លេចឱ្យសោះ ត្រូវឧស្សាហ៍ឆែកមើលប្រេងហ្វ្រាំង បើអស់ ត្រូវចាក់បំពេញវាវិញ។

៤. លាន់សំឡេងសង្ស័យហើយ ធ្វើមិនដឹងមិនឮ
នៅពេលរថយន្តលាន់សំឡេងចម្លែកមិនធម្មតា ត្រូវពិនិត្យមើលភ្លាម ឬ មិនអ៊ីចឹងឱ្យជាងបច្ចេកទេសជួយឆែកមើល ព្រោះមិនដែលនៅសុខៗវាលាន់សំឡេងនោះទេ។ បើនៅតែព្រងើយកន្តើយ វាអាចនាំឱ្យលោកអ្នកជួបគ្រោះថ្នាក់ដោយចៃដន្យក៏ថាបាន។

៥. មិនខ្វល់នឹងប្រើហ្វ្រាំងដៃ
នៅពេលចតរថយន្តចោល ជាពិសេសនៅទីទួល អ្នកត្រូវឧស្សាហ៍ដាក់ហ្វ្រាំងដៃ កុំពឹងលើចង្កឹះលេខ P ខ្លាំងពេក។ នៅពេលស្ថានភាពផ្លូវចោត ហើយអ្នកប្រើ P ដើម្បីបញ្ឈប់រថយន្ត វានឹងធ្វើឱ្យឆាប់ខូចលេខរថយន្តណាស់ ត្រូវពឹងលេខដៃបន្ថែមទៀត។

៦. ជាន់ហ្វ្រាំងជាប់រហូតពេលចុះពីលើភ្នំ
ចុះពីលើភ្នំ កុំជាន់ហ្វ្រាំងរហូតពេកអី គួរដាក់ទៅលេខទាប ដើម្បីឱ្យរថយន្តចុះតាមសម្រួលរបស់វាទៅ។ ពេលដាក់លេខទាប ចុះពីលើភ្នំ រថយន្តដូចរាងលាន់សំឡេងម៉ាស៊ីនបន្តិច ប៉ុន្តែកុំបារម្ភ វាជារឿងធម្មតាទេ ទោះរថយន្តទំនើបប៉ុនណា ក៏លាន់ដូចគ្នាដែរ៕

adverise with khmeread