ចេញបញ្ជីមហាសេដ្ឋីពិភពលោកថ្មីហើយ មានជើងខ្លាំងម្នាក់ចំណាយពេលតែប៉ុន្មានខែចុងក្រោយសោះ វ៉ាដាច់ Bill Gates ផុយៗ

វាជាលើកដំបូងមិនធ្លាប់មាន ដែលស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានជាប់ចំណាត់ថ្នាក់កំពូលលើបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា លោក Bezos ក្លាយជាមនុស្សដំបូងគេមិនធ្លាប់មានពីមុនមកនៅលើបញ្ជីនេះ ជាមួយនឹងទ្រព្យសម្បត្តិដល់ទៅ ១២ ខ្ទង់ឯណោះ ពោលគឺមានចំនួនដល់ទៅ ១១២ ពាន់លានដុល្លារ។

ប្រធានក្រុមហ៊ុន Amazon រូបនេះបានដណ្តើមតំណែងរបស់លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft ក្នុងរយៈពេលតែប៉ុន្មានខែចុងក្រោយនេះតែប៉ុណ្ណោះ ដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ១ ជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោក។

កាលពីឆ្នាំមុន ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bezos មានចំនួនត្រឹម ៣៩ ពាន់លានដុល្លារប៉ុណ្ណោះ ដូច្នេះ នេះគឺជាការកើនឡើងទ្រព្យសម្បត្តិដ៏ធំបំផុតក្នុងរយៈពេល ១ ឆ្នាំ មិនធ្លាប់ឃើញពីមុនមកនោះឡើយ។

ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយទ្រព្យសម្បត្តិ ៩០ ពាន់លានដុល្លារនៅឆ្នាំនេះ ពោលគឺកើនឡើងពី ៨៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។

លោក Warren Buffett ម្ចាស់ក្រុមហ៊ុនវិនិយោគ Berkshire Hathaway និងជាតារាវិនិយោគិនអាមេរិក ដែលមានទ្រព្យសម្បត្តិ ៨៤ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៣។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងពី ៧៥,៦ ពាន់លានដុល្លារកាលពីឆ្នាំមុន។

យោងតាមទស្សនាវដ្ដី Forbes មួយឆ្នាំកន្លងទៅ មានមហាសេដ្ឋីចំនួន ២.២០៨ នាក់មកពីប្រទេសចំនួន ៧២ ទូទាំងពិភពលោក រួមទាំងប្រទេសហុងគ្រី និងស៊ីមបាវ៉េ។

សរុបជារួម ក្រុមមហាសេដ្ឋីទាំងនេះមានទ្រព្យសម្បត្តិសរុបចំនួន ៩,១ លានលានដុល្លារ។

សហរដ្ឋអាមេរិកមានមហាសេដ្ឋីច្រើនជាងគេបំផុតគឺ ៥៨៥ នាក់ តាមពីក្រោយដោយចិនដីគោក ដែលមានមហាសេដ្ឋីចំនួន ៣៧៣ នាក់។

មហាសេដ្ឋីចំណូលថ្មីឆ្នាំនេះ មានចំនួន ២៥៩ នាក់ រួមទាំងមហាសេដ្ឋីលុយអេឡិចត្រូនិក (រកលុយតាម Bitcoin)៕

adverise with khmeread