តោះមកស្គាល់ មហាសេដ្ឋីផុតលេខ ប្រចាំអាស៊ីអាគ្នេយ៍

មហាសេដ្ឋីហ្វីលីពីនលោក Henry Sy បច្ចុប្បន្នជាបុរសមានបំផុតនៅអាស៊ីអាគ្នេយ៍។

យោងតាមបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ដែលបានចេញផ្សាយកាលពីថ្ងៃពុធទី ៧ មីនាបានឱ្យដឹងថា អ្នកជំនួញផ្សារទំនើបអាយុ ៩៣ ឆ្នាំរូបនេះ គឺជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានទ្រព្យសម្បត្តិសុទ្ធជាង ២០ ពាន់លានដុល្លារ ពោលគឺកើនឡើងជិតទ្វេដងនៃទ្រព្យសម្បត្តិសុទ្ធ ១២ ពាន់លានដុល្លារឆ្នាំ ២០១៧ របស់គាត់។

លោក Henry Sy ជាប់ចំណាត់ថ្នាក់ទី ៥២ ក្នុងបញ្ជី ដោយហក់ឡើង ៤២ កាំពីបញ្ជីកាលពីឆ្នាំមុន។ គាត់មានទ្រព្យសម្បត្តិស្មើនឹងមហាសេដ្ឋីវិនិយោគរបស់អាមេរិក លោក James Simons ដែលជាប់លេខ ៥២ ស្ទួន និងនាំមុខ ១ កាំលើ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៩,៩ ពាន់លានដុល្លារ។

នេះជាលើកទី ១០ ហើយដែលលោកស៊ីឈរនៅលំដាប់កំពូលនៃបញ្ជីមហាសេដ្ឋីរបស់ហ្វីលីពីន។ គាត់ក៏ជាជនជាតិហ្វីលីពីនតែម្នាក់គត់ដែលបានក្លាយជាកំពូលអ្នកមានបំផុតទាំង ១០០ នាក់នៅក្នុងពិភពលោក។

លោក Henry Sy បានបង្កើតហាងលក់ស្បែកជើងតូចមួយនៅសង្កាត់គ្វៀប៉ូ នៃទីក្រុងម៉ានីល នៅឆ្នាំ ១៩៥៦ មុនពេលបើកហាងលក់ទំនិញមួយនៅទីតាំងដដែលនេះក្នុងឆ្នាំ ១៩៧២។ គាត់បានបើកផ្សារទំនើបដំបូងគេឈ្មោះ SM North EDSA ក្នុងឆ្នាំ ១៩៨៥។

បច្ចុប្បន្ន ក្រុមហ៊ុន SM Supermalls មានផ្សារទំនើបចំនួន ៦៧ កន្លែងនៅទូទាំងប្រទេសហ្វីលីពីន និង ៧ កន្លែងនៅក្នុងប្រទេសចិន៕

adverise with khmeread