នាយកសាលាស្នើសុំឱ្យក្មេង "ព្រិលទឹកកក" ដ៏ល្បីទៅរៀនសាលាចាស់វិញ ព្រោះតែ...

ក្មេងប្រុសចិនមួយរូបដែលទទួលបានរហស្សនាមថា "ក្មេងព្រិលទឹកកក" បន្ទាប់ពីគាត់បានធ្វើដំណើរទៅដល់សាលាជាមួយនឹងសក់កកដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់ ត្រូវបានស្នើឱ្យចាកចេញពីសាលាថ្មីរបស់ខ្លួន បន្ទាប់ពីចូលរួមសិក្សាបានត្រឹមជាងមួយសប្តាហ៍។

កាលពីខែមករា ក្មេងប្រុសវ័យ ៨ឆ្នាំ ឈ្មោះ Wang Fuman រូបនេះ បានក្លាយទៅជាតំណាងមុខមាត់នៃភាពក្រីក្ររបស់ចិន បន្ទាប់ពីរូបថតមួយសន្លឹកនៃការពុះពារដើរឆ្លងកាត់ព្រិលទឹកកកឆ្ពោះទៅសាលារៀនរបស់គាត់ទទួលបានភាពល្បីល្បាញដ៏ខ្លាំងក្លា។

ភ្លាមៗបន្ទាប់ពីនោះ ការរិច្ចាគ និងជំនួយបានធ្វើឡើងយ៉ាងគគ្រឹកកគ្រេងទៅលើក្មេងប្រុសរូបនេះ និងគ្រួសាររបស់គាត់ រួមជាមួយនឹងការផ្តល់ជូននៃការអប់រំឥតគិតថ្លៃពីសាលាឯកជនមួយនៅក្នុងទីក្រុងចាវតុង ស្ថិតក្នុងតំបន់និរតីខេត្តយូណាន។

ទោះជាយ៉ាងណាក្តី យោងតាមវេបសាយ South China Morning Post ការតាមដានយ៉ាងស្អិតដូចតុកកែពីប្រព័ន្ធផ្សព្វផ្សាយ បានធ្វើឱ្យនាយកសាលាស្នើឱ្យក្មេងប្រុសចាកចេញពីសាលាថ្មីរបស់ខ្លួន បន្ទាប់ពីក្មេងនេះបានចូលរៀននៅទីនោះមួយរយៈខ្លីប៉ុណ្ណោះ។

Wang បានចាប់ផ្តើមចូលរៀននៅសាលា Xinhua School កាលពីចុងខែមុនបន្ទាប់ពីនាយកសាលាបានដឹងអំពីស្ថានភាពលំបាករបស់ក្មេងប្រុសរូបនេះ។

ការចុះឈ្មោះក្នុងសាលានេះមានន័យថា Wang អាចជៀសវាងបានរាល់ការធ្វើដំណើរថ្មើរជើងជាប្រចាំរបស់គាត់ទៅសាលារៀន។

ប៉ុន្តែកាលពីថ្ងៃអង្គារ ទី៦ ខែមេសា ឪពុកក្មេងប្រុសបានស្នើទទួលគាត់ពីសាលារៀនថ្មី និងយកគាត់ត្រឡប់ទៅសាលារៀនចាស់របស់ខ្លួនវិញ។ នេះបើយោងតាមវេបសាយ SCMP ។

យោងតាមវេបសាយ SCMP ក្មេងប្រុសរូបនេះបាននិយាយថា គាត់ពិតជាចូលចិត្តសាលារៀនថ្មីរបស់ខ្លួន ហើយគ្រូថ្មីរបស់គាត់គឺបង្ហាត់ល្អជាងគ្រូមុនរបស់ខ្លួន។

យ៉ាងណាក្តីនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងកាសែត Hong Kong នាយកសាលាបាននិយាយថា ការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងការត្រួតពិនិត្យពីអាជ្ញាធរបានធ្វើឱ្យសាលារៀនខ្លួនស្ថិតនៅក្រោមសម្ពាធ និងរងការរំខានជាខ្លាំង។

នាយកសាលា ដែលគេកំណត់អត្តសញ្ញាណឈ្មោះលោក Yang បាននិយាយថា គាត់មិនដឹងនោះឡើយថា ក្មេងប្រុសរូបនេះត្រូវបានចាត់ទុកដោយក្រសួងអប់រំជា "បុគ្គលសំខាន់" មួយ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ។

ជំនួសមកវិញ នាយកសាលារូបនេះបានសម្រេចចិត្តផ្តល់ក្មេងប្រុស Wang ជាប្រាក់ ១៥.០០០យ័ន (៣.១១៤ដុល្លារ) និងផ្តល់ជំនួយដល់គ្រួសាររបស់គាត់តាមវិធីផ្សេងនៅក្នុងថ្ងៃអនាគត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab