រថយន្តឡង់គ្រីស័រ បើកបុកទ្រូងផ្លូវ បាក់អស់១កង់រងការខូចខាតយ៉ាងដំណំ

​ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ហើយរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំប៉ុន្តែ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ​។

​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

​តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានឱ្យដឹងថា ដំបូងរថយន្តបង្កម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-8808 ដែលបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន​។

​ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុករបាំងថ្ម​ ក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់អស់មួយកង់ខ្ទាតចេញពីគ្នាប្រហែល៤ម៉ែត្រ ហើយរថយន្តបង្កបានបន្តទៅមុខកៀបជាមួយ និងទ្រូងផ្លូវប្រហែល១០០ម៉ែត្រទើបអស់ល្បឿនបានឈប់ និងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឱ្យមានអ្នករងរបួស។

​ក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តបង្កបានចុះមក ដោះស្លាកលេខរថយន្តចេញ ហើយទុករថយន្តចោលគេចខ្លួនបាត់​។

​ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តលុចស៊ីស ដែលបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់​៕

adverise with khmeread