25134408

អាចារ្យ​កាតូលិក​ចេញមុខ​ការពារ​សម្តី​លើកឡើង​របស់​ប៉ាក​គី​អៅ​ទាក់ទង​នឹង​មនុស្ស​ភេទ​ទី​បី​

​    ​វិហារ​កាតូលិក​ហ្វ៊ី​លី​ពី​ន​កាលពី​ថ្ងៃអាទិត្យ​បាន​ការពារ​វីរៈបុរស​ប្រដាល់ មែន​នី ប៉ាក​គី​អៅ អំពី​ការជំទាស់​របស់លោក​ចំពោះ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា ដោយនិយាយ​យ​ថា គាត់​គ្រាន់តែ​ដកស្រង់​ឃ្លា​ចេញពី​ព្រះគម្ពីរ​តែប៉ុណ្ណោះ​។ 

​    ​ប៉ុន្តែ​លោកឪពុក ជេ​រ៉ូម សេ​ស៊ី​ល​ឡា​ណូ (Jerome Secillano) ក៏បាន​ថ្លែង​តាម​វិទ្យុ DZMM ដែរ​ថា ប៉ាក​គី​អៅ​គួរតែ​គោរព​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា និង​មិនត្រូវ​វិនិច្ឆ័យ​និង​ថ្កោលទោស​ពួកគេ​ទេ បន្ទាប់ពី​ម្ចាស់​ខ្សែក្រវាត់ ៨ ស្ថាប័ន​រូបនេះ​បាន​ពណ៌នា​ពួកគេ​ថា​អាក្រក់​ជាង​សត្វ​កាលពី​សប្តាហ៍​មុន​។ 

​    ​ប៉ាក​គី​អៅ អាយុ ៣៧ ឆ្នាំ ដែល​ប្តូរ​ពី​កាតូលិក​មក​ប្រូ​តេស្ត​ង់​វិញ​នៅ​ចុង​អាជីព​ប្រដាល់​របស់ខ្លួន ត្រូវបាន​ថ្កោលទោស​ដោយ​បណ្តា​អង្គការ​ការពារ​សិទ្ធិមនុស្ស​ភេទ​ទី​បី និង​តារា​ល្បីៗ​ជាច្រើនរូប និង​បាន​បាត់បង់​សិទ្ធិ​ថត​ពាណិជ្ជកម្ម​តម្លៃ​ថ្លៃៗ​ជាច្រើន​ផងដែរ​បន្ទាប់ពី​ការអត្ថាធិប្បាយ​របស់ខ្លួន​។ 

​    ​លោក សេ​ស៊ី​ល​ឡា​ណូ លេខាធិការ​ប្រតិបត្តិ​នៃ​ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​ព្រះវិហារ​កាតូលិក បាន​និយាយថា "​ឃ្លា​ទាំងនោះ​គឺ​ពិតជា​បាន​ដកស្រង់​ចេញពី​គម្ពីរ​ទាំងអស់​។ ពិត​ជាមាន​សម្រង់​ពាក្យ ដែល​គាត់ (​ប៉ាក​គី​អៅ​) ប្រើ​ចេញពី​ព្រះគម្ពីរ​ពិតមែន ហើយ​យើង​មិនអាច​កែប្រែ​ឃ្លា​ទាំងនោះ​បានទេ​"​។ 

​    ​លោក​បាន​និយាយថា វា​ជា​រឿង "​អយុត្តិធម៌​" ដែល​នាំគ្នា​ថ្កោលទោស​ប៉ាក​គី​អៅ​ចំពោះ​ការនិយាយ​តាម​អ្វីដែល​គាត់​បាន​អាន​ក្នុង​គម្ពីរ នៅពេល​គាត់​ត្រូវបាន​សួរ​អំពី​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​។ 

​    ​ប៉ុន្តែ​លោក​សេ​ស៊ី​ល​ឡា​ណូ​ក៏បាន​និយាយ​ដែរ​ថា វីរៈបុរស​ប្រដាល់​រូបនេះ​មិនគួរ​ប្រើ​ភាសា​បែប​ប្រមាថ​បែបនេះ​ទេ (​ប្រដូច​ទៅ​សត្វ​)​។​

​    ​អាចារ្យ​កាតូលិក​រូបនេះ​បាន​និយាយថា "​ព្រះវិហារ​...​និយាយថា ប្រសិនបើ​នេះ​គឺជា​បែបផែន​ជីវិត​របស់​អ្នក ហើយ​ប្រសិនបើ​នេះ​គឺជា​ចំណាប់អារម្មណ៍​ចង់បាន​របស់​អ្នក អ៊ីចឹង​យើង​ត្រូវតែ​គោរព​រឿងនេះ យើង​មិនអាច​ថ្កោលទោស​ពួកគេ​នោះទេ​"​។ 

​    ​លោក​បាន​ទទូច​ជាថ្មី​ម្តង​ទៀតថា ព្រះវិហារ​កាតូលិក ដែលមាន​ប្រជាជន​ហ្វ៊ី​លី​ពី​ន​ចំនួន ៨០ ភាគរយ​គោរព​ប្រ​ណិ​ប​តន៍ នៅតែ​ជំទាស់​នឹង​ច្បាប់​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​៕ 

ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់