ម្តាយកូន ២ ទៅហើយ ទើបសម្រេចចិត្តចុះឈ្មោះចូលរៀនសាលាមត្តេយ្យ ដើម្បី...

ម្តាយមួយរូបរស់នៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិន ដែលមិនធ្លាប់ចូលសាលាពីមុន បានសម្រេចចិត្តចុះឈ្មោះចូលរៀននៅឯសាលាមត្តេយ្យជាមួយនឹងកូនស្រីវ័យ ៥ ឆ្នាំរបស់ខ្លួន។

អ្នកស្រី Shi Xiaoqin វ័យ ៣១ឆ្នាំ សង្ឃឹមថា ដោយការចូលរួមក្នុងសាលារៀន នាងអាចជួយបង្រៀនកូនរបស់ខ្លួនបាន និងប្រហែលជាអាចមានការងារដ៏ល្អប្រសើរមួយសម្រាប់ខ្លួនឯង។

ដោយបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ម្តាយកូនពីររូបនេះបានពន្យល់ថា មានហេតុផលជាច្រើនដែលនាងមិនបានចូលសាលារៀនក្នុងវ័យកុមារភាពរបស់ខ្លួន។

នាងក៏បានរំលឹកឡើងវិញផងដែរ ពេលដែលអនក្ខរភាពរបស់នាងបានរារាំងនាងពីការទទួលបានការងារគ្រប់ប្រភេទទាំងអស់ សូម្បីតែជាមួយឱកាសចាកចេញពីខេត្តកំណើតគួយចូវរបស់ពួកគេ។

ថ្វីបើអ្នកដទៃគិតយ៉ាងណាអំពីនាងក៏ដោយ ក៏ម្តាយរូបនេះពិតជាមានភាពរីករាយក្នុងការបង្ហាញខ្លួនក្នុងសាលា។ នាងថែមទាំងបានលេងជាមួយនឹងមិត្តរួមថ្នាក់របស់ខ្លួនផងដែរអំឡុងម៉ោងចេញលេង។

ម្តាយរូបនេះបានបញ្ជាក់ទៅកាន់វេបសាយ South China Morning Post ថា "ខ្ញុំមិនខ្វល់ឡើយពីអ្វីដែលអ្នកដទៃគិតពីខ្ញុំ។ អមដំណើរទៅរៀនជាមួយកូនស្រីខ្ញុំនៅក្នុងថ្នាក់មិនត្រឹមតែជួយដល់ខ្ញុំក្នុងការទទួលបានចំណេះដឹងថ្មីនោះឡើយ ប៉ុន្តែក៏អនុញ្ញាតដល់ខ្ញុំក្នុងបង្រៀនកូនស្រីរបស់ខ្ញុំឱ្យល្អប្រសើរផងដែរ។ ពេលដែលខ្ញុំដឹងពីរបៀបអាន និងសរសេរ ខ្ញុំអាចជួយកូនស្រីរបស់ខ្ញុំរៀននៅផ្ទះ ហើយពេលដែលនាងធំឡើង នាងនឹងមានឱកាសដើម្បីទទួលបានការងារល្អមួយ"។

អ្នកស្រី Shi ដែលបានចាប់ផ្តើមសិក្សាកាលពីខែមុន ជាអ្នករ៉ាប់រងការងារនៅផ្ទះរបស់នាង។ បន្ទាប់ពីបញ្ចប់ម៉ោងសិក្សា នាងមានការងារមើលថែកូនរបស់នាង និងជីដូនជីតារបស់ពួកគេ។ ទន្ទឹមនឹងនោះដែរ​ ប្តីរបស់នាងគឺកំពុងធ្វើការងារឆ្ងាយពីផ្ទះនៅការដ្ឋានសំណង់៕

adverise with khmeread