នីម៉ាប្រាប់ក្លឹប Barcelona ថាខ្លួនមានវិប្បដិសារី ដែលសម្រេចចិត្តចាកចេញ ឥឡូវសុំជួយរកច្រកត្រឡប់មកវិញផង

នីម៉ា ដែលជាកីឡាករបាល់ទាត់ថ្លៃបំផុតនៅលើពិភពលោក បានសម្តែងការសោកស្តាយចំពោះការផ្ទេរទៅលេងនៅក្លិប Paris Saint-Germain និងកំពុងតែស្វែងរកការវិលត្រឡប់ទៅកាន់ក្លិប Barcelona វិញ។ នេះបើយោងតាមរបាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញកាលពីថ្ងៃសុក្រទី ៩ មីនា។

នៅក្នុងសប្តាហ៍តែមួយ ដែល PSG បានធ្លាក់ចេញពីក្របខណ្ឌ Champions League និងត្រឹមតែ ៧ ខែបន្ទាប់ពីគាត់បានចូលរួមជាមួយក្លិបក្នុងតម្លៃកំណត់ត្រាពិភពលោក ២២២ លានអឺរ៉ូ អនាគតរបស់នីម៉ាឥឡូវបែរក្លាយទៅជាមិនច្បាស់លាស់ទៅវិញ។

កាសែតកីឡាអេស្ប៉ាញ Mundo Deportivo បានអះអាងថា តារាបាល់ទាត់ប្រេស៊ីលដែលទើបតែទទួលការវះកាត់ឆ្អឹងម្រាមជើងបាក់នៅប្រេស៊ីលបានទាក់ទងជាមួយក្លិប Barca ដើម្បីសួរថាតើគាត់អាចនឹងត្រឡប់មកវិញបានយ៉ាងដូចម្តេច។

កាសែតនេះផ្សាយថា នីម៉ាបាននិយាយថា គាត់បានធ្វើការសម្រេចចិត្តខុសក្នុងការចាកចេញពីក្លិប ហើយវាជាកំហុសឆ្គងមួយដែលចង់បានឯករាជ្យពី លីអូនែល ម៉េសស៊ី និងចុងក្រោយត្រូវខកចិត្តដោយសារតែស្តង់ដារបាល់ទាត់ក្នុងក្របខណ្ឌ Ligue 1 ។

ទោះយ៉ាងណា Barca មិនមែនជាក្លិបតែមួយគត់ដែលនីម៉ាកំណត់គោលដៅផ្ទេរទៅនោះឡើយ។

កាសែត AS ដែលមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដបានរាយការណ៍ថា ឪពុករបស់នីម៉ាបានជួបជាមួយក្លិប Real Madrid ដែលត្រៀមរួចរាល់ក្នុងការបង់ប្រាក់ចំនួន ៤០០ លានអឺរ៉ូដើម្បីចុះហត្ថលេខាទិញខ្សែប្រយុទ្ធរូបនេះ។

នៅពេលសួរអំពីដំណឹងនេះកាលពីថ្ងៃសុក្រ គ្រូបង្វឹកស្តេចស Real Madrid លោក ហ្ស៊ីណេឌីន ហ្ស៊ីដាន់ និយាយថា "នីម៉ាអាចលេងនៅក្លិបទាំងអស់បាន ព្រោះគាត់លេងបានល្អដូចកីឡាករជាច្រើនទៀតដែរ។ ខ្ញុំនឹងមិននិយាយអំពីកីឡាករ ដែលមិនមែនជារបស់ខ្ញុំនោះទេ។ ទាក់ទិននឹងតម្លៃ ៤០០ លានអឺរ៉ូ ពួកគេបានចំណាយ ២២០ លានអឺរ៉ូ សម្រាប់នីម៉ា ហើយនៅពេលពួកគេទិញខ្ញុំ ពួកគេបានបង់ត្រឹម ៧២ លានអឺរ៉ូ។ វាហាក់ដូចជាឆ្កួតណាស់សម្រាប់ខ្ញុំ។ ហើយ ១០ ឆ្នាំក្រោយមក ពួកគេត្រូវបង់លុយ ២២០ លានអឺរ៉ូ។ វាអាចទៅរួចដែលថា នៅ ១០ ឆ្នាំខាងមុខ គេអាចនឹងចំណាយ ៤០០លានអឺរ៉ូ ឬ ឆាប់ៗនេះផងក៏ថាបាន។ ខ្ញុំមិនដឹងដែរ"៕

adverise with khmeread