អីយ៉ា! ក្រុមហ៊ុនយក្ស Toyota និង Mazda បោះទុនវិនិយោគរួមគ្នាម្នាក់ពាក់កណ្តាល បង្កើតរោងចក្រផលិតរថយន្តស៊ីសាំងតិចនៅអាមេរិក

​ក្រុមហ៊ុន Toyota Motor Corp និង​ក្រុមហ៊ុន Mazda Motor Corp បានឱ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ទី​៩​មីនា​ថា ពួកគេ​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​សហរដ្ឋអាមេរិក​ដើម្បី​បង្កើត​រោងចក្រ​តម្លៃ ១,៦ ពាន់​លាន​ដុល្លារ​នៅ​អាមេរិក ដែល​នឹង​បង្កើត​ការងារ​ចំនួន ៤.០០០ កន្លែង និង​មាន​សមត្ថភាព​ផលិត​រថយន្ត​ប្រចាំឆ្នាំ​បាន​ចំនួន ៣០០.០០០ គ្រឿង​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ទាំងពីរ​សហការគ្នា​បង្កើត​រោងចក្រ​ផលិត​រថយន្ត​រួមគ្នា​នេះ​នៅ​ទីក្រុង Huntsville រដ្ឋ​អា​ឡា​បា​ម៉ា ហើយ​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ផលិតកម្ម​នៅ​ឆ្នាំ ២០២១​។ នៅ​រោងចក្រ​ថ្មី​នេះ ក្រុមហ៊ុន Mazda គ្រោង​នឹង​ផលិត​រថយន្ត​ម៉ូ​ដែល Crossover ចំនួន ១៥០.០០០ គ្រឿង ដែល​ថ្មី​បំផុត​មិន​ធ្លាប់​មាននៅ​ទីផ្សារ​អាមេរិក​ខាងជើង ហើយ​ក្រុមហ៊ុន Toyota នឹង​ផលិត​រថយន្ត​ម៉ាក Corolla ចំនួន ១៥០.០០០ គ្រឿង ដែលសុទ្ធសឹងជារថយន្តស៊ីសាំងតិច​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​របស់​ក្រុមហ៊ុន​ទាំងពីរ​។​

​ក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន Mazda នឹង​គ្រប់គ្រង​ភាគហ៊ុន​ម្នាក់ ៥០ ភាគរយ​នៅក្នុង​ក្រុមហ៊ុន Mazda Toyota Manufacturing, USA, Inc​។ ក្រុមហ៊ុន​ទាំងពីរ​បដិសេធ​មិន​បង្ហាញ​ដើមទុន​ដំបូង​នៃ​ការបណ្តាក់ទុន​រួមគ្នា​នេះ​ទេ ប៉ុន្តែ​បានឱ្យដឹងថា ពួកគេ​នឹង​បង្កើន​ដើមទុន​រហូតដល់​ប្រហែល ៤០០ លាន​ដុល្លារ​នាពេល​អនាគត​៕

adverise with khmeread