ស្លាប់២នាក់ និងរបួស៤នាក់ ដោយសាររថយន្តបើកបុកម៉ូតូ២គ្រឿងនៅកន្ទោក

ភ្នំពេញ​ ៖​ នារីម្នាក់ និង បុរស​ម្នាក់​បាន​ស្លាប់ ខណៈមនុស្សប្រុសស្រី៤នាក់​ទៀត​របួសធ្ងន់ស្រាល ដោយសាររថយន្តមួយគ្រឿងបើកច្រាសទិសបុកទាំងកម្រោល នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​មុខ​ផ្ទះលេខ៨អា​ បុរី​សែន​មនោ​រម្យ​ ​ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍សែន​ជ័យ ម៉ោង១២ និង២០នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១១ ខែ​មិនា ឆ្នាំ២០១៨​ ។

​របាយការណ៍ប៉ូលិសបានឱ្យដឹងថា ​ដំបូងមាន រថយន្ត មួយគ្រឿង​ម៉ាក​តូយ៉ូតាស៊ីណា ពណ៌ទឹកមាស​ ស្លាកលេខភ្នំពេញ 2A-2375​ បើក​ក្នុងទិសដៅ​ពី​លិច លុះ​បើក​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ពេញទំហឹង ជាមួយម៉ូតូ២គ្រឿង​ បណ្តាលឱ្យស្លាប់បុរសម្នាក់, នារីម្នាក់​ និង​ របួសបុរសម្នាក់, នារី២នាក់ទៀត។

​របាយការណ៍បន្តថា​ ម៉ូតូទីមួយម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណស្លាប់ភ្លាមៗ​ និងមាននារី២នាក់រួមដំណើរស្លាប់ម្នាក់នៅនឹងកន្លែង, របួសធ្ងន់ម្នាក់បញ្ជូនទៅពេទ្យរុស្ស៊ី​ (មិនទាន់ស្គាល់ឈ្មោះ)។

​ចំណែកម៉ូតូទី២ម៉ាក YAMAHA EXCITER ពណ៌ខៀវ អត់ស្លាកលេខបើកបរដោយបុរសម្នាក់រងរបួសមធ្យម បានដើរចេញបាត់ពីកន្លែងកើតហេតុ​ និង​ អ្នករួមដំណើរជា​នារី២នាក់ទៀត រងរបួសធ្ងន់បញ្ជូនទៅពេទ្យបែកចានម្នាក់ និងពេទ្យលោកសង្ឃម្នាក់​(មិនទាន់ស្គាល់ឈ្មោះ)។ មូលហេតុបង្កឡើងដោយរថយន្តបើកបរលឿនមិនប្រកាន់ផ្លូវរបស់ខ្លួន​ ។

​របាយការណ៍បន្តទៀតថា ​អ្នកបើកបររថយន្ត​វិញ​បាន​រត់គេចខ្លួន​បាត់​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ហើយត្រូវបានប៉ូលិស ​ចរាចរណ៍​ក្រុង​ចុះមក​វាស់វែង​និង​ស្ទួ​ច​រថយន្តនិងម៉ូតូ២គ្រឿងយកទៅ​រក្សាទុក ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ។ សពដឹកយកទៅរក្សាទុក នៅវត្តទឹកថ្លា រង់ចាំប្រកាសរកសាច់ញាតិ៕

adverise with khmeread