មកផឹកកាហ្វេលួចទូរស័ព្ទ, មកផឹកលើកក្រោយជាប់ខ្នោះ

​ភ្នំពេញ​ ៖​ ប៉ូលិស ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីអំពើលួចយកទូរស័ព្ទដៃ នៅចំណុចផ្ទះជួលកន្លែងលក់កាហ្វេ  ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១០ មីនា ២០១៨ វេលាម៉ោង៣រសៀល​​។

​ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ រ៉ា ទិត្យសីហា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន)​។

​ចំណែក ជនរងគ្រោះឈ្មោះ ផន ពន្លក ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(ចំណុចកើតហេតុ)​។ សម្ភារៈបន្សល់ទុកទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាកហូវៃ (ប្រគល់ឱ្យ​ជនរងគ្រោះវិញ)​។

​ប៉ូលិសបន្តថា ថ្ងៃទី០៩ មីនា ២០១៨ វេលាម៉ោងប្រហែល៨ និង៣០នាទីយប់ ជនរងគ្រោះបានទុកទូរស័ព្ទរបស់ខ្លួនឲ្យទៅកូនលេងនៅកន្លែងកើតហេតុ​។ ស្រាប់តែជនសង្ស័យដែលអង្គុយផឹកកាហ្វេនៅជិតនោះឃើញ បានលួចយកទូរស័ព្ទដៃ រួចឱ្យជនរងគ្រោះគិតលុយថ្លៃកាហ្វេហើយចេញទៅបាត់​។

​លុះដល់ថ្ងៃទី១០ មីនា ២០១៨ វេលាម៉ោង៣ រសៀល ជនសង្ស័យខាងលើបានមកផឹកតែទឹកកក នៅចំណុចកើតហេតុខាងលើ ជនរងគ្រោះបានឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យ
សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង​។

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី​៕
 

adverise with khmeread