យប់កណ្តាលអធ្រាត្រ ម៉ូតូព្រលះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់​ស្រាល៣នាក់ នៅខណ្ឌមានជ័យ

​ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ ​និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍កាលពី វេលាម៉ោង១២ និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចជិតច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខ ធនគារ ANZ ​RoyaI ផ្លូវ២១៧ សង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា ​អ្នករងរបួសរហូតដល់ស្លាប់ ឈ្មោះ សៀ វី ​ភេទប្រុស ជនជាតិខ្មែរ អាយុ២០ឆ្នាំ មុខរបរអ្នកទីផ្សារផ្នែកលក់អាលុយមីញ៉ូម មានស្រុកកំណើតនៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GT-9942​។

​ចំណែកភាគីម្ខាងទៀត មានគ្នា៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនសួគ៌ា ស្ថិតក្រោមការសង្គ្រោះបន្ទាន់ម្នាក់ជិះម៉ូតូម៉ាកស៊ុយសាគីឡែទ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CM-7570​។

​បុរស ម្នាក់ជាសន្តិសុខ បានបញ្ជាក់ប្រាប់ឱ្យដឹងថា ដំបូងគាត់ បានឃើញម៉ូតូ១គ្រឿងម៉ាកស៊ុយសាគីឡែតឌុបគ្នា ៣ នាក់ធ្វើដំណើរពីលិចមកកើតក្នុងល្បឿនលឿន។

​ចំណែកឯអ្នកជិះម៉ូតូភីស៊ីអ៊ិ​ចម្នាក់ឯង ធ្វើដំណើរឆ្លងផ្លូវ បញ្ច្រាស់ទិសពីកើត ទៅលិច ចេញពីទីតាំង Net24H ហើយក៏ត្រូវគេបុកពេញទំហឹងតែម្តង ដួលបោកក្បាលឈាមស្រោចពេញផ្លូវ ភ្លាមៗនោះរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យដែរ តែមួយសន្ទុះក្រោយមកក៏ឃើញរថយន្តសង្គ្រោះត្រឡប់មកវិញ ហើយប្រាប់សមត្ថកិច្ចថា បានស្លាប់ហើយ​។

​ក្រោយពីធ្វើការវាស់វែងរួចម៉ូតូទាំង២ គ្រឿងត្រូវបាន ប្រគល់ឱ្យទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញ។ សាកសព ​សមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីជាតិ៕

adverise with khmeread