ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកបង្កាន់ដៃស្ពានអាកាស ៧ មករាខ្ទេច

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្តលឿនដល់គល់ស្ពានអាកាស ៧ ​មករា ក៏ឡើងខឿនបុកប្រកាន់ដៃស្ពានបណ្តាលឱ្យរងការ ខូចខាតយ៉ាងដំណំ កាលពីវេលា ម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ជាប់របងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាក លុចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2M-9386 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់ឈ្មោះដោយស្ថានភាព ស្រវឹងជោកជាំ​។

​ប្រភពព័ត៌មានបន្តថា​ ដំបូងគេឃើញ រថយន្តបង្ក បើកបរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ក្នុងល្បឿន យ៉ាងលឿន។

​ខណៈមកដល់ចំណុចកើតហេតុ ទំនងបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតឡើងលើខឿន បុកប្រកាន់ដៃស្ពាន៧មករា បណ្តាលឱ្យរងការ ខូចខាតមួយកំណាត់មុខ យ៉ាងដំណំ សំណាងល្អមិនបង្កឱ្យមានអ្នករងរបួស​។

​ក្រោយពីកើតហតុសមត្ថកិច្ចបានវាស់វែង និងស្ទូចយករថយន្ត និងឱ្យម្ចាស់រថយន្តទៅ ជាមួយតែមិនព្រមទៅក៏មានការរុញ ទៅរុញមកព្រមទាំងថាប្រមាថដល់ប៉ូលិសថែមទៀត​៕

adverise with khmeread